ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្គស្វែងរកជើងឯកឆ្នាំ២០២៣ ក្រោងរៀបចំនៅថ្ងៃទី២០ ខែ ឧសភា
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លង់ឧបសគ្គស្វែងរកជើងឯកប្រចាំឆ្នាំ២០២៣ នឹងចាបផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី២០ -២១ ខែឧសភាឆ្នាំ2023 នៅទីលានសន្តិភាព ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ ជាប់គល់ស្ពានព្រែកព្នៅក្នុងតំបន់ដីអ្នកឧកញ៉ាលី យ៉ុងផាត់ ផ្លូវវិមានឈ្នះឈ្នះ។ខណៈកីឡាករដែលត្រៀមចូលរួមប្រកួតបានមកជិះសាកល្បងនៅក្នុងទីលានមុនការប្រកួតមួយសប្តាហ៍ ។

លោក ពេជ្យ សុខា អ្នករៀបចំព្រឹត្តិការណ៍ការប្រណាំង បានអោយដឹងថា សម្រាប់ការប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្ខនេះមានកីឡាករកីឡាការិនីបាន ចុះឈ្មោះចូលរួមប្រណាំងជាង៨០នាក់ហើយ ក្នុងនោះមានវត្តមានកីឡាករជាតិ កីឡាករអន្តរជាតិ និងកីឡាការិនីផងអាចមានដល់ចំនួន១៥នាក់ ខណៈការប្រកួតកាលឆ្នាំមុន២០២២កន្លងទៅមានត្រឹមតែ៨នាក់ប៉ុណ្ណោះ ។ អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានបញ្ជាក់ទៀតថា ចំពោះបងប្អូនកីឡាករ កីឡាការិនី ដែលមានបំណងចង់ចូលរួមប្រកួត ក៏សូមរួសរាន់ធ្វើការចុះឈ្មោះអោយបានលឿន ដើម្បីទទួលបានឱកាស ចូលរួមប្រណាំងបង្ហាញសមត្ថភាព ។តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ លោក ពេជ្យ សុខា សង្ឃឹមថា វិស័យកីឡាមួយនេះ មានការរីកចម្រើនទទួលបានការគាំទ្រច្រើនពីមហាជន ជាពិសេសអន្ដរជាតិ ។

លោក នួន ឧត្តម តំណាងក្រុមហ៊ុនជួយឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៏ខាងលើ សង្ឃឹមថា តាមរយៈការចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនេះ នឹងក្លាយជាចំណែកមួយជួយអភិវឌ្ឍវិស័យកីឡាប្រណាំងម៉ូតូនៅកម្ពុជាឲ្យរីកចំរើន។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្គស្វែងរកជើងឯកឆ្នាំ២០២៣ ជាការប្រកួតឆ្នាំទី២ហើយ បន្ទាប់ពីវិបត្តិកូវីដ១៩ ដែលគ្រោងដំណើការប្រកួតនៅថ្ងៃទី២០ -២១ ខែឧសភា ខាងមុខនេះ ៕






អត្ថបទៈ ជាវ ចន្ធូ