ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លាអាមេរិក

ភ្នំពេញ៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់ គ្រប់គ្រងជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។ នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លាអាមេរិក ដែលជាការចូលរួមពីដៃគូ រួមមាន សហជីព ស៉្យាប (SIAAP), សមាគម អា.អ៊ី.អឹម.អេហ្វ(AIMF), ទីភ្នាក់ងារ អេ អ៊ី អេស អ៊ិន (AESN) និងថវិកា បដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះប្រជាជនក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង ។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរង អចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំង លោក ការីម ហ្ស៊ីយ៉ាឌីសមាជិកក្រុមប្រឹក្សាភិបាល ស្ថាប័ន ស្ប៉ាប (SIAAP) និងជាតំណាងទីក្រុងប៉ារីសតំបន់សហជីព (SIAAP) អញ្ជើញជាអធិបតី មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង ដូច្នេះ ទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និង ការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ បងប្អូនប្រជាពលរដ្ឋ ។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ក៏ដូចជាលោក ការីម ហ្ស៊ីយ៉ាឌី បានមានប្រសាសន៍លើកឡើងផងដែរថា យើងបានធ្វើការសិក្សា ១០ឆ្នាំហើយលើការងារប្រតិកម្មទឹកស្អាត ជាលទ្ធផល យើងបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ។ ក្រោយបើកសម្ពោធដាក់អោយប្រើប្រាស់ យើងមិនបោះបង់ចោលនោះទេ គឺយើងនឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាអោយការងារមួយនេះទទួលបានជោគជ័យ សម្រាប់សុខមាលភាពប្រជាពលរដ្ឋ៕

ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner