មេធំក្រុមហ៊ុន Twitter និង Meta ចង់ប្រកួតគ្នាក្នុងទ្រុង
បរទេស៖ មហាសេដ្ឋីបច្ចេកវិទ្យាល្បីបំផុតរបស់ពិភពលោកពីររូប គឺលោក Elon Musk និងលោក Mark Zuckerberg បានយល់ព្រមប្រកួតគ្នាក្នុងទ្រុងមួយ ហើយទីតាំងទំនងជានៅក្នុងរដ្ឋណេវ៉ាដា របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា លោក Elon Musk មេធំបណ្ដាញសង្គម Twitter និងលោក Mark Zuckerberg មេធំក្រុមហ៊ុនបណ្តាញសង្គម Meta ដែលជាមហាសេដ្ឋីបច្ចេកវិទ្យាល្បីបំផុតរបស់ពិភពលោក បានយល់ព្រមប្រកួតគ្នានៅក្នុងទ្រុងមួយ។
លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតក្នុងទ្រុងជាមួយលោក Zuckerberg។ ជាការឆ្លើយតប លោក Zuckerberg បានបង្ហោះនៅលើបណ្តាញសង្គម Instagram របស់លោកថា ផ្ញើទីតាំងមក។
ក្រោយទទួលសារបែបនេះ មិនបង្អង់យូរ លោក Musk បានឆ្លើយតបវិញថា “Vegas Octagon” ដែលទីតាំងនេះ ត្រូវបានគេដឹងថា ជាកន្លែងរៀបចំព្រឹត្តិការណ៍ប្រកួតធំៗ ដូចជាការប្រយុទ្ធគ្នាក្នុងទ្រុង Ultimate Fighting Championship (UFC) ដែលមានមូលដ្ឋាននៅទីក្រុងឡាស់ វេហ្គាស់ រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក៕ ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា
