រាជរដ្ឋាភិបាល ប្រកាសបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារ ដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តី នៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណងចូលរួម លើកកម្ពស់ សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត, រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគ,កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និង ការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែម ទៀត ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម, រាជរដ្ឋាភិបាលសម្រេចដំឡើងកម្រិត និងផ្ដល់ការ ឧបត្ថម្ភបន្ថែម ជូន ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និង មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និង ក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និង ពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាព នៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារផងដែរ តាមរយៈ កម្មវិធី ដូចខាងក្រោម៖

១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៖ ដំឡើងកម្រិតប្រាក់ ឧបត្ថម្ភ ទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១ និងគិតគូរបន្ថែម សម្រាប់ករណីកូនភ្លោះ, និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២ឆ្នាំ។

២. ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រី ដែលជា សមាជិក ប.ស.ស ក្នុងអំឡុងពេល មានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ និងដែលប្រើប្រាស់សេវានៅតាម មូលដ្ឋាន់សុខាភិបាលសាធារណៈ៖

-ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការ ផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និង ដំឡើងប្រាក់ឧបត្ថម្ភទ្វេដង សម្រាប់ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

៣. ការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៖

-ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូច ការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងករណីកូនភ្លោះ ដូចការផ្តល់ជូន កម្មករនិយោជិត ជាស្ត្រីដែលជាសមាជិក ប.ស.ស ដែរ។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិត ជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេល មានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញ កាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាម អាទិភាពដែលកំណត់យក “មនុស្ស” ជាចម្បង់ និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីជួយ សម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យ ផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និង ប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភ សូមធ្វើការទំនាក់ទំនងអាជ្ញាធរឃុំ-សង្កាត់ដែលនៅជិតបំផុត ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner