ប្រធានរដ្ឋសភាវៀតណាមអបអរសាទរជ័យជំនះគណបក្សប្រជាជនកម្ពុជា (Video Inside)
ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារអបអរសាទរប្រធានសភាកម្ពុជាសម្តេច ហេង សំរិន ជុំវិញគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត បន្តការដឹកនាំប្រទេស។
សារលិខិតរបស់លោក វឿង ឌិញហ្វេ បានធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ មួយថ្ងៃក្រោយការបោះឆ្នោតសកល និងបន្ទាប់ពីមានលទ្ធផលមិនទាន់ផ្លូវការ បញ្ជាក់ការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា។
សារលិខិតបានសរសេរថា «គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច»។ លោកបានសរសេរថា «ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម» លោកសូម «សម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាទាំងអស់»។
លោក វឿង ឌិញហ្វេ មានជំនឿចិត្តថា «ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឲ្យឡើងដល់កម្រិតកំពូលថ្មីមួយ ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក»៕