២៤ម៉ោងអាស៊ានមានអ្នកឆ្លងមានជិត ៣០០ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅតែមាកករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ នៅឡើយ។ ដោយឡែកប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ១សប្តាហ៍មកហើយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៨១ករណី ដែលជាតួលេខឆ្លងថយចុះមកវិញច្រើនដល់ចំនួន ២៦៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៥០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៥ករណី។ ប្រទេសហ្វីលីពីន, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាន នាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣០ម៉ឺន ៦ពាន់ ៨៦៤ករណី, និងការស្លាប់ សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៥៩៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕