ប្រធានាធិបតីចិនអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត (Video Inside)
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះសាជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឆ្នាំ២០២៣។
សារលិខិតជាភាសាចិនរបស់លោកប្រធានាធិបតីចិន បានសរសេរនៅថ្ងៃទី២៥កក្កដាថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នា ក្នុងការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួម នៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍ នៃប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំងពីរ»។
សារលិខិតដដែលបានសរសេរថា «ក្នុងនាមគណៈ កម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅដល់សម្ដេចប្រធាន និងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា»។
លោកស៊ីជីនពីង បានថ្លែងទៀតថា លោកមាន «ក្តីសោមនស្សរីករាយដើម្បីធ្វើជាសក្ខីភាពថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដា និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាក អន្តរជាតិ និងក្នុងតំបន់»។
«ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេស ដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ»។ លោកប្រធានាធិបតីចិនបានថ្លែងបញ្ជាក់នូវជំនឿថា «នៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាព នៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់»។