ខេត្តទេសចរណ៍សំខាន់ៗចំនួនពីរទទួលបានភ្ញៀវទេសចជាងមួយសែននាក់ នៅកំលុងពេលឈប់សម្រាកបោះឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ខេត្តព្រះសីហនុ និងខេត្តកំពត ទទួលភ្ញៀវទេសចរសរុបបានជិតមួយសែននាក់ នៅចុង​​សប្តាហ៍កន្លងមក​នេះ។ ​​ជាសប្តាហ៍ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានឈប់សម្រាកក្នុងរយៈពេលបីថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំ​ណា​​ងរាស្រ្តនីតីកាលទី៧ ឆ្នាំ២០២២៣។

ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ​​ថា នៅចុងសប្តាហ៍កន្លងទៅដែលចំថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានប្រជាពលរដ្ឋចេញកម្សាន្តច្រើនជាងសប្តាហ៍មុនៗ ជាពិសេសថ្ងៃទី២៣ និងថ្ងៃទី​២៤ខែកក្កដា។ ប្រជាពលរដ្ឋដែលចេញទៅកម្សាន្តនោះ ភាគច្រើនជាពលរដ្ឋនៅខេត្តព្រះសីហនុ ដែលបានធ្វើដំណើរទៅ​បោះឆ្នោត ហើយឆ្លៀតទៅកម្សាន្តនៅតាមឆ្នេរសមុទ្រផងដែរ ដោយក្នុងរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី២៣ និង២៤ ខែកក្កដាមានពលរដ្ឋទៅកម្សាន្តនៅខេត្តព្រះសីហនុប្រមាណជិតប្រាំពីរម៉ឺននាក់។

ទន្ទឹមនឹងនេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញពីការភ្ញាក់ផ្អើល និងបានរៀបរាប់ដែរ​ថា លោកស្ទើរតែនឹកស្មានមិនដល់ថា នៅក្នុងថ្ងៃបោះឆ្នោត នាសប្តាហ៍កន្លងទៅ​មានភ្ញៀវទេសចរមកកម្សាន្តនៅខេ​ត្តកំពតច្រើន ក្នុងរង្វង់ជាងបីម៉ឺននាក់ ខណៈដែលរៀងរាល់ចុងសប្តាហ៍មានត្រឹមតែជាងពីរម៉ឺននាក់ប៉ុណ្ណោះ។

​លោក សយ ស៊ីណុល បាន​បញ្ជាក់បន្ថែមថា​ ៖ «យើងមិននឹកស្មានថា មានពលរដ្ឋទៅកំសាន្តច្រើនដល់ម្លឹងទេ ក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបោះឆ្នោត៣ថ្ងៃនោះ។ រមណីយដ្ឋានទេសចរណ៍ដែលទទួលបានទេសចរច្រើនជាងគេ នៅថ្ងៃនោះរួមមាន ភ្នំបូកគោ តំបន់ទឹកឈូរ និងទំនប់ម្លិចជាដើម»។

លោកបានបន្តទៀតថា ទោះបីជាជំងឺកូវីដ១៩​ បានធូរស្រាលហើយក៏ពិតមែន ប៉ុន្តែមន្ទីរទេសចរណ៍ខេត្តកំពត មិនដែលធ្វេ​សប្រហែសម្តងណាឡើយ ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តវិធានការពារនានា ដើម្បីចៀ​សវាងនូវការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ១៩នេះ។

ទាក់ទងនឹងដំណើរកម្សាន្តនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់​ថា វាជាភាពវិជ្ជ​មានមួយ ដែលពលរដ្ឋចេញដើរលេងកម្សាន្តក្រោយពេលបោះឆ្នោតរួច ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាជនមិនមានក្តីបា​រម្ភពីបញ្ហាអសន្តិសុខអ្វីនោះទេ នៅអំឡុងពេលបោះឆ្នោត។

លោកបានបញ្ជាក់ថា ៖ «ជាការពិតណាស់ ភាពវិជ្ជមាន ដែលយើងបានឃើញ គឺការទុកចិត្ត ការជឿលើសមត្ថភា​ពរបស់អ្នកដឹកនាំ។ ប្រទេសខ្លះពេលបោះឆ្នោត មានបញ្ហាអសន្តិសុខកើតឡើងច្រើន ដូចជាប្រទេសជិតខាងយើង មានការធ្វើ​បាតុកម្មតវ៉ាជាដើម។ ប៉ុន្តែសម្រាប់ប្រទេសយើងវិញ ពលរដ្ឋបែរជារីករាយនឹងដំណើរកម្សាន្តក្រោយពេលបោះឆ្នោត ដែលនេះ​បញ្ជាក់ឱ្យឃើញថា កំណើនទេសចរ កើនឡើងទៅបាន​ ដោយសារសន្តិភាព»។

បើតាមក្រសួងទេសចរណ៍កាលពីចុងសប្ដាហ៍ទី២ខែកក្កដាកន្លងទៅ ទូទាំងប្រទេសទទួលបានភ្ញៀវជិត៣០ម៉ឺននាក់ ដោយ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់, បាត់ដំបង ៣៥,៦៦៤នាក់, រាជធានីភ្នំពេញ ៣៣,២១១នាក់, កំពត ២៧,៦៧៥នាក់, សៀមរាប ២២,៥៣៥នាក់, កំពង់ស្ពឺ ១៤,២៥៣នាក់, ពោធិ៍សាត់ ១១,២៧៧នាក់ និងខេត្ត​កែប ១១,០៧៦នាក់។

ចំនួនភ្ញៀវទេសចរ មានការកើនឡើងប្រមាណ​ ៣,១៥ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣,៤ភាគរយ និងភ្ញៀវអន្តរជាតិ កើនឡើង ១,៣៦ភាគរយ៕ដោយ៖វណ្ណ សុជាតា

ads banner