ជប៉ុនកំពុងរៀបចំដកកូរ៉េខាងត្បូងចេញពីបញ្ជីស ស្តីពីការអនុគ្រោះការនាំចេញ
ជប៉ុន៖ គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តលើផែនការដកកូរ៉េខាងត្បូងចេញពីបញ្ជីស ឬការលើកលែងពិសេសពាក់ព័ន្ធនឹងការនាំចេញ នៅក្នុងថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានចិន CGTN ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនលោក ហ៊ីរ៉ូស៊ីកិ សេកូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការដកកូរ៉េខាងត្បួងចេញពីបញ្ជីស មិនមែនជាចេតនារបស់ជប៉ុន ក្នុងការបំផ្លាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលនោះទេ ហើយថា ទីក្រុងតូក្យូត្រៀមខ្លួនជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល កែតម្រូវសេចក្ដីថ្លែងការណ៍របស់ខ្លួនឡើងវិញ ដែលធ្វើឡើងក្រោយជំនួបមួយកាលពីខែកក្កដា ស្ដីពីបញ្ហាបញ្ជីសនេះ ។
ដោយឡែករដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រដដែលនេះ ក៏បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ជប៉ុន ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីបញ្ហានេះផងដែរ ៕ធ.ដ