ស្រីលង្កាគ្រោងមិនយកថ្លៃទិដ្ឋាការពីប្រទេសជិត៥០ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ
ស្រីលង្កា៖ ស្រីលង្កា នឹងផ្តល់ជូនអ្នកដំណើរមកពីបណ្តាប្រទេសជិត៥០ នូវទិដ្ឋាការសម្រាប់គោលដៅទេសចរណ៍ដោយឥតគិតថ្លៃ និងពុំចាំបាច់មានការសុំទុកជាមុនឡើយ គឺអាចសុំនៅពេលដែលពួកគេមកដល់ប្រទេសស្រីលង្កាតែម្តង នេះបើតាមរដ្ឋាភិបាលស្រីលង្កា។
សេចក្តីប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសស្រីលង្កាឡើងវិញ ក្រោយពេលដែលចំនួនអ្នកទេសចរ មកកាន់ប្រទេសដីកោះមួយនេះបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីមានអំពើភេរវកម្មបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក។ ចំនួនភ្ញៀវទេសចរបរទេសនៅស្រីលង្កា កាលពីអំឡុងខែឧសភាកន្លងទៅ បានធ្លាក់ចុះប្រមាណ៧០% ដែលជាកម្រិតទាបបំផុត នេះបើយោងតាមមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា។
វិស័យទេសចរណ៍ គឺជាប្រភពចំណូលពីបរទេសធំជាងគេ និងរីកចម្រើនលឿនបំផុតលំដាប់ទីបីរបស់ស្រីលង្កា ដែលឈរនៅបន្ទាប់ពីការវិនិយោគក្រៅប្រទេស ឬពលករធ្វើការចំណាកស្រុក និងការនាំចេញផលិតផលវាយនភណ្ឌ-សម្លៀកបំពាក់ ដែលមានតម្លៃប្រមាណ ៤,៤ពាន់លានដុល្លារ ឬស្មើនឹង ៤,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១៨កន្លងទៅ៕ធ.ដ