ការនាំចេញរបស់កូរ៉េខាងត្បូងបន្តធ្លាក់ចុះ៨ខែជាប់ៗគ្នា ដោយសារតែតម្លៃទាបនៃផលិតផល បន្ទះឈីប និងប្រេង
កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍រដ្ឋាភិបាលក្រុងសេអ៊ូលបានឱ្យដឹងថា នៅក្នុងខែកក្កដាឆ្នំា២០១៩នេះ ការនាំចេញរបស់កូរ៉េខាងត្បូងនៅតែបន្តធ្លាក់ចុះ ខណៈការថមថយចុះនេះ គឺជាការធ្លាក់ចុះ៨ខែជាប់ៗគ្នា ដោយសារតែតម្លៃទាបនៃផលិតផលបន្ទះឈីប និងប្រេងជាចម្បង។
ប្រភពដដែលបានឱ្យដឹងទៀតថា ការនាំចេញដែលតំណាងជាងពាក់កណ្ដាល នៃសេដ្ឋកិច្ចកូរ៉េខាងត្បូងមានទំហំ៤៦,១៤ពាន់លានដុល្លារក្នុងខែកក្កដា ប៉ុន្តែវាធ្លាក់ចុះអស់១១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលវាក៏ជាការធ្លាក់ចុះលើកទី៨ជាប់ៗគ្នា ផងដែរ គិតចាប់តំាងពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ខែកក្កដា ឆ្នាំ២០១៩នេះ។
បច្ចុប្បន្នសេដ្ឋកិច្ចកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅក្នុងការព្រួយបារម្ភផងដែរ ដោយសារតែជម្លោះពាណិជ្ជកម្មជាមួយជប៉ុន ដែលបានរិតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ក្នុងការផលិតអេក្រង់ទូរសព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងធំៗមួយចំនួនដែលត្រូវបានគេដឹងថា ជាកម្លាំងចលករដ៏សំខាន់បំផុត សម្រាប់ជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង៕ធ.ដ