ខេត្តមណ្ឌលគិរីធ្វើផ្លូវទាំងកណ្តាលភ្លៀង ដើម្បីជួយពលរដ្ឋធ្វើដំណើរ (Video Inside)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ៉ែមាសអូរខ្វាវ ដែលធំជាងគេនៅកម្ពុជា បានសហការគ្នាធ្វើការជួសជុលផ្លូវលំមួយខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។
សេចក្តីរាយការណ៍បានបង្ហាញថាខេត្តមណ្ឌលគិរី ក្នុងរយៈពេល៧ថ្ងៃជាប់គ្នាមកនេះ បានរងនឹងការធ្លាក់ភ្លៀងគ្មានពេលលោះ ដោយសារតែឥទ្ធិពលព្យុះបោកបក់ ក្នុងប្រទេសវៀតណាម។
ផ្លូវមួយខ្សែប្រវែង ៦៥គឺឡូម៉ែត្រភ្ជាប់ពីឃុំចំនួន៤ គឺឃុំពូត្រុំ, ឃុំរម្យនា, ឃុំមេម៉ង និងឃុំចុងផ្លាស់ បានរងនឹងការខូចខាត ដែលជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ៉ែមាសអូរខ្វាវ សហការគ្នាធ្វើការជួសជុល បើទោះបីជាមេឃបន្តការធ្លាក់ភ្លៀងយ៉ាងណាក៏ដោយ។
ការខូចខាតផ្លូវដ៏សំខាន់នេះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យមានការស្ទះចរាចរណ៍ ផ្លូវធ្វើដំណើរពីមូលដ្ឋានទៅកាន់ទីរួមខេត្ត។ ក្រុមជំនាញជួសជុលផ្លូវបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងត្រូវចាក់ថ្មភ្នំបង្ហាប់តាមកន្លែងខូចខាតជាច្រើននិងរំពឹងថារយៈពេល ៣ទៅ៤ថ្ងៃទៀតប៉ុណ្ណោះ ផ្លូវនេះនឹងចរាចរណ៍បានធម្មតាវិញ។
កម្ពុជាក្នុងសប្តាហ៍នេះ បានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យមផង និងប្រឈមឥទ្ធិពលព្យុះទី៥ ឈ្មោះ ដុក ស៊ូរី ដែលកំពុងបោកបក់ ទៅរកទិសដៅចុងក្រោយរបស់ខ្លួននៅភាគអាគ្នេយ៍ នៃប្រទេសចិន បន្ទាប់ពីបានសម្លាប់មនុស្ស ៣៩នាក់ក្នុងប្រទេសហ្វីលីពីន និងបានផ្តាច់ភ្លើងអគ្គិសនី ធ្វើឱ្យពលរដ្ឋចិនតៃវ៉ាន់ជិត ៥ម៉ឺននាក់ បានប្រឈមនឹងការគ្មានភ្លើង។