វៀតណាម ទទួលបានទេសចរអន្តរជាតិកើនឡើងដល់ជិត១០លាននាក់ ក្នុងរយៈពេល ៧ខែមកនេះ
វៀតណាម ទទួលបានទេសចរបរទេសជិត១០លាននាក់ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១៩កន្លងមកនេះ កើនឡើង៧,៩ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដោយផ្អែកតាមរបាយការណ៍របស់រដ្ឋបាលជាតិទេសចរណ៍ប្រទេសវៀតណាម ហៅកាត់ថា VNAT។
ប្រភពបន្តទៀតថា បើទោះបីជាចំនួនទេសចរបរទេសកើនឡើងក្នុងពេល៧ខែមកនេះ ដែលមានដល់ទៅជិត៩លាន៨សែននាក់ក៏ដោយ ទេសចរបរទេសមកពីចិន និងកូរ៉េខាងត្បូងដែលធ្លាប់តែមកច្រើនៗនោះ បែរជាធ្លាក់ចុះទៅវិញ នៅប៉ុន្មានខែថ្មីៗនេះ។
ស្ថាប័នជាតិរបស់វៀតណាមួយនេះបញ្ជាក់ថា ការធ្លាក់ចុះនេះដោយសារតែភាពតានតឹងពាណិជ្ជកម្មពិភពលោក គោលនយោបាយរូបិយវត្ថុដែលរឹតបន្តឹង និងដំណើរយឺតនៃការរីកចម្រើនសេដ្ឋកិច្ច នៅអាស៊ី។ សម្រាប់ឆ្នាំ២០១៩នេះ វៀតណាម បានកំណត់គោលដៅស្វាគមន៍ទេសចរបរទេស១៨លាននាក់ និងទេសចរក្នុងស្រុក៨៥លាននាក់ សម្រេចចំណូលប្រមាណ៧០០លានលានដុង ឬ៣០,១៤ពាន់លានដុល្លារអាម៉េរិក៕ធ.ដ