រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្រុមការងារគម្រោង CASFor ត្រូវចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ចើញចូលរួមប្រជុំពិភាក្សាលទ្ធផលគម្រោង “Community Action for Sustainable Forest (CASFor)” នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំក្រុមការងារគម្រោងត្រូវពិនិត្យលើគោលដៅ និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវយកចិត្តទុកដាក់លើការចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើជំហរយុទ្ធសាស្ត្រឈ្នះៗ ដើម្បីលើកស្ទួយសហគមន៍ព្រៃឈើឱ្យមានភាពរីកចម្រើន រឹងមាំ និងមានភាពម្ចាស់ការលើការគ្រប់គ្រង និងអភិរក្ស ធ្វើឱ្យជីវភាពប្រជាជនមានភាពប្រសើរ និងមាននិរន្តរភាព ។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការងារព្រៃឈើនេះ ចាំបាច់ត្រូវមានចូលរួម និងសហការគ្នាល្អ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសព្រៃឈើផ្សេងៗ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់គិតគូរលើការងារផ្សព្វផ្សាយទាំងការងារបច្ចេកទេស និងនយោបាយ ព្រមទាំងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

សូមជម្រាបជូនថា គម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ CASFor នេះ មានគោលបំណង ដើម្បីជំរុញការគ្រប់គ្រងធនធានព្រៃឈើតាមសហគមន៍ប្រកបដោយនិរន្តរភាព និងបង្កើនកម្រិតជីវភាពរស់នៅសមស្រប ព្រមទាំងផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍ក្នុងស្រុក។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅក្នុងខេត្តគោលដៅចំនួន៤ ដែលនឹងផ្តល់ផលដល់កសិករខ្នាតតូចប្រមាណ ៨៦.០០០នាក់ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner