ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសតម្កល់រក្សាសេចក្តីសម្រេចរបស់ គ.ជ.ប ដែលផ្តន្ទាទោសបុគ្គលបំផ្លាញសន្លឹកឆ្នោត (Video Inside)
ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។
ការប្រកាសតម្កល់រក្សាសេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្រោយសវនាការលើបណ្តឹងតវ៉ាជំទាស់ ចំនួន២សំណុំរឿង ទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
យោងតាមច្បាប់បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេចរបស់ខ្លួន, តំណាងដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង។ ការដោះស្រាយបណ្តឹងរួចរាល់នេះ គឺជាការបើកផ្លូវមួយសម្រាប់ គ.ជ.ប ដែលគ្រោងនឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតសកល នៅថ្ងៃទី៥ សីហា និងលទ្ធផលជាផ្លូវការ ដែលនឹងប្រកាសនាថ្ងៃទី៩ សីហាខាងមុខនេះ។