ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ (Video Inside)

ខេត្តដែលមិនជាប់មាត់សមុទ្ទមួយចំនួនត្រូវគេរាយការណ៍ថា ក៏បានរងប៉ះពាល់នឹងជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះផងដែរ។

នៅក្នុងខេត្តកំពង់ស្ពឺ យោងតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមម៉ោង៣រសៀលថ្ងៃទី៣១កក្កដា ចំណុចដែលជន់លិចលើកំណាត់ផ្លូវខ្លះ លើជាតិលេខ៤ក្នុងខេត្ត បានស្រកទៅវិញ និងចរាចរណ៍បានប្រព្រឹត្តជាធម្មតា។

នៅចំណុចស្ពានអូរគគីរ នៃចំណុចគីឡូម៉ែត្រលេខ១០៦ និង១០៧ ទឹកភ្លៀងមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៀតឡើយ, ចំណែកចំណុចស្ទឹងស្រែខ្លុង នៃចំណុចគីឡូម៉ែត្រ៧៦ និង៧៧ លើផ្លូវជាតិលេខ៤នោះ ទឹកភ្លៀងធ្លាក់ខ្សោយ និងមិនបង្កការប៉ះពាល់ដល់ការធ្វើចរាចរណ៍ទេ។

ដោយឡែកផ្លូវលំមួយចំនួននៅក្នុង ឃុំត្រែងត្រយឹង, ឃុំយាយម៉ៅពេជ្រនិល, ឃុំដំបូករូង, ឃុំជាំសង្កែ, ឃុំចំបក់, ឃុំតាំងសំរោង, ឃុំព្រៃរំដួល, ឃុំតាំងស្យា នៃស្រុកភ្នំស្រួច ទឹកជំនន់បានធ្វើបង្កឱ្យមានការខូចខាតផ្លូវខ្លះប្រវែង៣០០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋរងប៉ះពាល់១៩១ គ្រួសារ, ប៉ះពាល់ស្រូវ៩៥ហិកតា និងដំណាំរួមផ្សំ២២ហិកតា។

សេចក្តីរាយការណ៍បានបង្ហាញថា ទឹកបានហូរធ្លាក់ចុះមកខាងក្រោមសម្តៅមកក្រុងច្បារមន, មកស្រុកសំរោងទង និងបន្តធ្លាក់មកឃុំជាប់ដែនសណ្តរស្ទឹងព្រែកត្នោត ឆ្ពោះមកកាន់ខេត្តកណ្តាល។

នៅក្នុងខេត្តព្រះវិហារនោះវិញ ទឹកភ្លៀងបានស្រកវិញហើយនៅថ្ងៃទី៣១កក្កដានេះ បន្ទាប់ពីមានភ្លៀងមួយយប់ទល់ភ្លឺនៅចំណុចមុំបី នៃព្រំដែនកម្ពុជាថៃ និងឡាវ បានរងដោយការធ្លាក់ភ្លៀងកម្រិត១៥០មីលីម៉ែត្រ។

ទឹកភ្លៀងបានលិចផ្លូវគ្រួសក្រហមនៅក្នុងភូមិសែនរុងរឿង និងបានលិចផ្ទះពលរដ្ឋជាច្រើន និងមិនទាន់មានសេចក្តីរាយការណ៍ទំហំខូចខាតនៅឡើយទេ។

ads banner