ក្រសួងធនធានទឹកជូនដំណឹងប្រុងប្រយ័ត្នដល់ពលរដ្ឋរស់តាមដងទន្លេមេគង្គផ្នែកខាងលើ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ប្រុងប្រយ័ត្ននឹងកម្ពស់ទឹកទន្លេមេគង្គស្ទុះឡើង ដោយសារតែការធ្លាក់ភ្លៀងជាបន្តបន្ទាប់ច្រើនថ្ងៃមកនេះ។

ក្រសួងធនធានទឹកថ្លែងថា ទឹកជំនន់ទន្លេមេគង្គនឹងចាប់ផ្តើមកើតមាន ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈពេលដែលមានឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លមេគង្គ។

កម្ពស់ទឹកផ្នែកខាងលើដងទន្លេមេគង្គនឹងចាប់ផ្តើមកើតមានក្នុងរយៈពេលរវាងពី៣ទៅ៤ថ្ងៃខាងមុខនេះ ដូចជានៅខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ចំនួន៧ម៉ែត្រ និង៦៥សង្ទីម៉ែត្រ, ខណៈខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦ម៉ែត្រ ៧០សង្ទីម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩ម៉ែត្រ ៩០សង្ទីម៉ែត្រ។

កម្ពស់ទឹកនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ប៉ុន្ដែតាមរយៈកម្ពស់ទឹកទាំងនេះ នឹងអាចឱ្យលិចតំបន់ទំនាបមួយចំនួន ដែលអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនថែមទៀត។

ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីជំនន់ទឹកភ្លៀងនេះផងទៀត។

ads banner