កំណាត់ផ្លូវជាតិលេខ១ បិទច្រើនម៉ោងនៅថ្ងៃទី៣សីហា (Video Inside)
កំណាត់ផ្លូវជាតិលេខ១ គ្រោងនឹងបិទចរាចរណ៍រថយន្តធន់ធ្ងន់នៅថ្ងៃទី៣ ខែសីហា ក្នុងឱកាសរៀបចំពិធីសម្ពោធដាក់សម្ពោធផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទចរាចរណ៍រថយន្តធន់ធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ ៣០បូក១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចាប់ពីម៉ោង៣រំលងអធ្រាត្រ ដល់ម៉ោង១រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ រហូតទល់ពិធីនឹងបិទបញ្ចប់។
ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ គឺជាផ្លូវប្រវែងសរុប ៥៣គីឡូនិង៩៨៣ម៉ែត្រ, ទទឹង២២ ម៉ែត្រ។ សម្រាប់រថយន្តធន់ធ្ងន់មកពីអ្នកលឿង ត្រូវធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ត្រង់គីឡូលេខ៣០បូក១៤០ ផ្លូវជាតិលេខ១ ក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
ចំណែករថយន្តធុនធ្ងន់មកពីភ្នំពេញ ត្រូវវាងតាមផ្លូវជាតិលេខ២១បេ ទៅតាមផ្លូវលេខ ១១០ ឡើងទៅផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ នៃកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់ និងទំនើបថ្មីមួយ ក្នុងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីភ្នំពេញបន្ថែមទៀត។
ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ លើសពីនេះ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ក៏មានស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែងផងដែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចំនួន ២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងជិត ១ពាន់ម៉ែត្រផងដែរ។