៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨០០ករណី (Video Inside)
ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ដោយឡែកប្រទេសកម្ពុជា មិនមានរកឃើញករណីឆ្លងថ្មីឡើយ ក្នុងរយៈពេល៣ថ្ងៃមកនេះ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៨០៤ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ៨៨១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥២៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ៣១នាក់ ដែលជាពលរដ្ឋ នៃប្រទេសហ្វីលីពីន និងប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ, ការឆ្លងសរុបមានចំនួន ៣៦លាន ៣០ម៉ឺន ៨ពាន់ ៧៩៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៦៥០នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២ លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕