ក្រសួងទេសចរណ៍ជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១ខែសីហាថា មន្រ្តីជាន់ខ្ពស់នៃក្រសួងបានដឹកនាំក្រុមការងារជួបជាមួយនឹងនាយប្រតិបត្តិក្រុមហ៊ុនSamra Seaplane ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា។
កិច្ចពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ជួបជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួនបីរូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹកនេះ។
ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម។ក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះ ហោះលើទឹកចំនួនពីរគ្រឿងនៅចុងឆ្នាំនេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។
នាជំនួបនោះ ឯកឧត្តម ជុក ជំនោរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា។
ឯកឧត្តមបានលើកឡើងថា «ផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា»។
តាមរយៈកិច្ចសហប្រតិបត្តិការនេះឯកឧត្តម ជុក ជំនោរ នឹងស្នើសុំការគាំទ្រជាផ្លូវពីការ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ដើម្បីជំរុញផលិតផលនេះឱ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឱ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជា ខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅថ្ងៃទី១ ខែសីហាដែរដោយលោកគាំទ្រចំពោះកិច្ចសហប្រតិបត្តិការនេះ ជាពិសេសគាំទ្រចំពោះវិនិយោគរបស់ក្រុមដែលធ្វើ ឱ្យមានសេវាកម្ម កម្សាន្តសម្បូរបែបដែលនឹងជួយជំរុញភ្ញៀវទេសចរឱ្យមកលេងខេត្តព្រះសីហនុបន្ថែមទៀត។ លោកក៏បានស្នើឱ្យក្រុមហ៊ុនត្រូវមានច្បាប់អនុញ្ញាត និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរដែលធ្វើដំណើរតាមយន្តហោះរបស់ខ្លួន មុននឹងដាក់ឱ្យដំណើការសេវាកម្មរបស់ខ្លួន។
លោក តាំង សុចិត្រគ្រឹស្នា ថ្លែងថា ៖ «ខ្ញុំសូមជម្រាបថា វាគ្រាន់តែផ្នែកមួយនៃសេវាកម្មទេសចរណ៍ វាមិនអាចទាក់ទាញបានច្រើនទេ ប៉ុន្តែបើគោលដៅមួយមានសេវាកម្មសម្បូរបែបវានឹងអាចជួយទាក់ទាញបន្ថែមទៀត»។
សូមរម្លឹកផងដែរថា នាដើមខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីចាប់ផ្តើមបើកប្រតិបត្តិការលើយន្តហោះតាមសមុទ្រនៅប្រទេសកម្ពុជា៕ដោយ៖គឹម យុត្ថារ៉ូ



