ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចុះចែកអំណោយដល់ប្រជាពលរដ្ឋ ៦៧គ្រួសារក្នុងស្រុកទឹកផុស និងពិនិត្យការសាងសង់ផ្ទះថ្មីជូនចំនួន ២គ្រួសារ

កំពង់ឆ្នាំង៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានចាត់តំណាងចុះចែកអំណោយដល់ប្រជាពលរដ្ឋ ៦៧គ្រួសារក្នុងស្រុកទឹកផុស និងពិនិត្យការសាងសង់ផ្ទះថ្មីជូនចំនួន ២គ្រួសារ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា ៖ គ្រោះធម្មជាតិ បញ្ហាជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។ តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយគាំពារសង្គម ដើម្បីជួយការពារ និងទ្រទ្រង់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ចំណែកឯ កាកបាទក្រហមកម្ពុជា ក៏មានយុទ្ធសាស្ត្រចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ ។

អំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ជូនគ្រួសារនីមួយៗមាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល ។

សូមបញ្ជាក់ថា ជនងាយរងគ្រោះបំផុតទាំង ២គ្រួសារ ដែលទទួលផ្ទះរួមមាន ៖ ១. លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ឥតទីពឹង ។ ២. អ្នកស្រី ឡឹម ញុឹប អាយុ ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន ៣នាក់ ក្នុងបន្ទុក ។

តាមការបញ្ជាក់របស់ លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា ៖ «ថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រេីនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ ។

បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការី ចុះពិនិត្យជ្រេីសរេីសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ គឺក្រុមការងារ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែង រួចហេីយ ក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner