អាជ្ញាធរ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់
(ភ្នំពេញ)៖ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់មកពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត ។ បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់សារព័ត៌មានឱ្យដឹងថា ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិប៉ាវសម្រាប់ទប់ទឹក និង សម្ភារផ្សេងៗទៀតជាដើម។ ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍ ។

លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែក ត្នោត ត្រូវមានការប្រុងប្រយ័ត្នទុកជាមុន បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី ។

ប្រជាពលរដ្ឋបានលើកឡើងថា ជាទម្លាប់ក្នុងរដូវវស្សាទឹកស្ទឹងព្រែកត្នោតតែងតែឡើង ហើយដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ដូចជារៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំនឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យ មានភ្លៀងធ្លាក់ នៅស្ទើរទូទាំងប្រទេស ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺ ហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់ នៅតាមបណ្ដោយសណ្ដរស្ទឹង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទឹកស្ទឹងព្រែកត្នោត មិនទាន់ឡើងខ្លាំង ក្លាយជាជំនន់នោះទេ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី