សម្តេចតេជោ ហ៊ុន សែន អរគុណថ្នាក់ដឹកនាំប្រទេសនីការ៉ាហ្គ័រ ដែលអបអរសាទរជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនរដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតសកលភ្លូកទឹកភ្លូកដី។
ប្រធានាធិបតី នីការ៉ាហ្គ័រ លោកដានីញ៉ែល អ័រតេហ្គា សាអាវេដ្រា និងលោកស្រីអនុប្រធានាធិបតី រ៉ូសារ៉ីយូ មូរីយ៉ូ ក្នុងសារលិខិតថ្ងៃទី១សីហា មកកាន់សម្តេចតេជោ បានសរសេរបញ្ជាក់ការថ្លែងអបអរសាទរសម្រាប់ជោគជ័យ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ។
មេដឹកនាំប្រទេសនីការ៉ាហ្គ័រ បានសរសេរថាគេ «នៅតែចងចាំដំណើរទស្សនកិច្ចជាភាតរភាពរបស់យើងខ្ញុំទៅកាន់ប្រទេសកម្ពុជា និងចងចាំនូវស្នាដៃរំដោះប្រជាជនដែលសម្តេចបានធ្វើ។ យើងសូមគោរពនូវជោគជ័យរបស់សម្តេច, គណបក្ស និងប្រជាជនរបស់សម្តេច និងសូមប្រសិទ្ធពរជូនសម្តេចប្រកបដោយ សន្តិភាព, សុខមាលភាព និងវិបុលភាពក្នុងដំណើរវិវឌ្ឍទៅមុខ ក្នុងពិភពលោកថ្មីមួយ ដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន»។
សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតឆ្លើយតប បានសរសេរសម្តែងសេចក្តីអរគុណ ចំពោះលិខិតអបអរសាទររបស់ថ្នាក់ដឹកនាំប្រទេសនីការ៉ាហ្គ័រ។ សម្តេចបានសរសេរបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៃនីតិកាលទី៧ មានចំនួនអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុតជាងឆ្នាំកន្លងទៅ» និង «ជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត»។
សម្តេចបានបញ្ជាក់នូវការគាំទ្រចំពោះទំនាក់ទំនង និងការជម្រុញអភិវឌ្ឍន៍ជាបន្តដើម្បីវិបុលភាពសុខ សន្តិភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕