សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកិត្យានុភាព កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ពិសេសការអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ។

សម្ដេចចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះថា ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យដំណើរការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានា ព្រមទាំងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារសម្តេចក្រឡាហោម ស ខេង
