កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៣៨ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនៅប្រទេសកាណាដា (Video Inside)
កីឡាករក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា បានទទួលមេដាយចំនួន៣៨គ្រឿងហើយ ក្នុងការចូលរួមការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ប្រព្រឹត្តទៅក្នុងប្រទេសកាណាដា។ ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 ក្នុងក្រុងវីនីផេក Winnipeg បានចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០នៅលើសកលលោក។
យោងតាមក្រសួងមហាផ្ទៃ, គិតត្រឹមថ្ងៃ ទី២សីហា ឆ្នាំ២០២៣, លទ្ធផលបណ្ដោះអាសន្នដែលក្រុមកីឡានគរបាលជាតិកម្ពុជាទទួលបាន គឺមេដាយចំនួន ៣៨គ្រឿង ក្នុងនោះមានមេដាយមាស១៧, ប្រាក់១៦ ,និងសំរឹទ្ធ ៥គ្រឿង។
ព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណាដានឹងត្រូវបញ្ចប់នៅថ្ងៃទី៦ សីហា ដែលរំពឹងថាកម្ពុជានឹងអាចទទួលបានមេដាយខ្លះថែមទៀត។
ការប្រកួត៩ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៨កក្កដា មានវិញ្ញាសារសរុប៦៣កីឡា ប៉ុន្តែកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ៤៨នាក់ គឺសម្រាប់តែវិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push Pull Lifting។