កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៦០ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល នៅប្រទេសកាណាដា (Video Inside)
កីឡាករក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានទទួលមេដាយចំនួន៦០គ្រឿងហើយ ក្នុងការចូលរួមការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ប្រព្រឹត្តទៅក្នុងប្រទេសកាណាដា។
ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនេះ បានប្រព្រឹត្តទៅនៅក្នុងក្រុងវីនីផេក ជាមួយការចូលរួមពីកីឡាករប៉ូលីសមកពីប្រទេសជាង៧០ នៅលើសកលលោក។
យោងតាមក្រសួងមហាផ្ទៃ, គិតត្រឹមថ្ងៃទី៣ សីហា ឆ្នាំ២០២៣, ក្នុងចំណោមមេដាយ៦០គ្រឿង ដែលក្រុមកីឡានគរបាលជាតិកម្ពុជាដណ្តើមបានរួមមានមេដាយមាស២៤, ប្រាក់២៧, និងសំរឹទ្ធ ៩គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណាដា នឹងត្រូវបញ្ចប់នៅថ្ងៃទី៦ សីហា។
ក្នុងការប្រកួត៩ថ្ងៃដែលចាប់ផ្តើមតាំងពីថ្ងៃទី២៨កក្កដា មានវិញ្ញាសារសរុប៦៣កីឡា ប៉ុន្តែកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែចំនួន៤៨នាក់ សម្រាប់តែវិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរ ខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និង កីឡាទាញសាច់ដុំ Push Pull Lifting។