ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខកម្មករ កម្មការិនី ចំនួន៥១នាក់ រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី ចំនួន៥១នាក់ ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ។

ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការសោកស្តាយដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបង្ករបួសធ្ងន់ ស្រាល លើបងប្អូនកម្មករ កម្មការិនី ចំនួន៥១នាក់ ហើយសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ សូមបងប្អូនទាំងអស់ ជាពិសេសអ្នកបើកបរមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នករួមដំណើរ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យើងពិតជាមិនចង់ឃើញគ្រោះអកុសលណាមួយកើតឡើងទេ តែគ្រប់ពេលដែលបងប្អូនជួបប្រទះបញ្ហា ក្រុមការងារទាំងអស់តែងតែខ្នះខ្នែងដើម្បីជួយដល់បងប្អូនគ្រប់ពេលវេលា។ នេះហើយជាបេះដូងរបស់អ្នកបម្រើប្រជាជន!៕

ads banner