អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន និងលោកស្រី យីង ឡាក់ បង្ហាញវត្តមានក្នុងពិធី​ខួបកំណើតសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖អតីតនាយករដ្ឋមន្រ្តីថៃពីររូបដែលជាបងប្អូននឹងគ្នាគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានារាត្រីថ្ងៃទី៥ ខែសីហាម្សិលមិញនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា លោក ថាក់ស៊ីន និង​លោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារ​ពេល​ព្រឹក​ជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។

សូជម្រាបថា នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោគម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន មានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។

តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើបណ្ដាញសង្គមតីក តុក( TikTok) គេបានសង្កេតឃើញមានការចូលរួម​ពីក្រុមគ្រួសារ។បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ៕ដោយៈពលជ័យ

ads banner