អ៊ីរ៉ង់ នឹងកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈណាអ៊ឺរ៉ុប មិនចាត់វិធានការការពារសេដ្ឋកិច្ចរបស់ប្រទេសខ្លួន
អ៊ីរ៉ង់៖ អ៊ីរ៉ង់ បានកំណត់គោលដៅកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តន៍តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ដរាបណាដៃគូអឺរ៉ុបរបស់យើងចាត់វិធានការការពារវា ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក។ តាមរយៈការធានាឱ្យអ៊ីរ៉ង់អាចលក់ប្រេង ក៏ដូចជាទទួលទិញប្រេងពីអ៊ីរ៉ង់ នេះបើតាមរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ចាហ្វាដ ហ្សារីហ្វ នៅថ្ងៃពុធម្សិលមិញ។
លោក ហ្សារីហ្វ បានសង្កត់ធ្ងន់ថា ប្រទេសលោកនឹងធ្វើការកាត់បន្ថយការតាំងចិត្តរបស់ខ្លួន ក្នុងការគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាតំណាក់កាលៗ ហើយអាចនឹងឈានដល់ការខ្លួនចេញពីវាតែម្តង ខណៈណាប្រទេសហត្ថលេខីអាចស្វែងរកវិធីសាស្រ្តការពារសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។
ការកត់សម្គាល់បែបនេះរបស់លោក ម៉ូហាំម៉េដ ចាហ្វាដ ហ្សារីហ្វ ធ្វើឡើងស្របពេលដែលប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ ត្រូវបានក្រសួងរតនាគារជាតិអាម៉េរិកសម្រេចដាក់ទណ្ឌកម្ម ដោយទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកទណ្ឌកម្មនេះ គឺជាសារព្រមានមួយផ្ញើជូនរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែលោក ហ្សារីហ្វ បានអះអាងថា ទណ្ឌកម្មនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់លោក និងក្រុមគ្រួសាររបស់លោកឡើយ ពីព្រោះលោកគ្មានទ្រព្យសម្បត្តិនៅសហរដ្ឋអាម៉េរិក ឬនៅប្រទេសដទៃទៀតក្រៅពីអ៊ីរ៉ង់នោះទេ៕ធ.ដ