ហ្វីលីពីនថ្កោលទោសឆ្មាំសមុទ្រចិន ចំពោះការបាញ់កាណុងទឹកដាក់លើកប៉ាល់របស់ខ្លួននៅសមុទ្រចិនខាងត្បូង
ម៉ានីល៖ ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះបានថ្កោលទោសឆ្មាំឆ្នេរសមុទ្រចិនចំពោះការបាញ់កាណុងទឹកដាក់កប៉ាល់របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដោយពណ៌នាសកម្មភាពនេះថា «ខុសច្បាប់» និង «គ្រោះថ្នាក់»។
រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលនាវារបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនអមដំណើរទូកផ្ទុកអាហារ ទឹក ប្រេង និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ទៅឱ្យបុគ្គលិកយោធាហ្វីលីពីន ដែលឈរជើងនៅកោះ Second Thomas Shoal ក្នុងបណ្ដំកោះជម្លោះស្រ្ពាតលី។
ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG) ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់ឆ្មាំសមុទ្រចិន (CCG) និងការប្រើប្រាស់កាណុងបាញ់ទឹកខុសច្បាប់ប្រឆាំងនឹងនាវារបស់ PCG »។
ឆ្មាំហ្វីលីពីនបន្តថា ៖ «សកម្មភាពបែបនេះរបស់ CCG មិនត្រឹមតែមិនយកចិត្តទុកដាក់លើសុវត្ថិភាពរបស់នាវិក PCG និងទូកផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិផងដែរ»។
ចំណែកឯកងកម្លាងប្រដាប់អាវុធហ្វីលីពីនវិញ បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្រចិន បាន «រារាំង និងបាញ់ទឹក» លើនាវានាំមុខទូកផ្គត់ផ្គង់របស់ខ្លួន។
អ្នកនាំពាក្យយោធា លោក Medel Aguilar បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារតែសកម្មភាព «ហួសហេតុ និងគឃ្លើន» នោះ នាវានាំមុខទី២ មិនអាចផ្ទុកទំនិញរបស់ខ្លួនសម្រាប់ការបង្វិលកង និងប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញបានទេ។
លោក Aguilar បន្តថា ៖ «យើងអំពាវនាវឱ្យឆ្មាំឆ្នេរសមុទ្រចិន និងគណៈកម្មការយោធាមជ្ឈិម ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេ ដើម្បីការពារការគណនាខុស និងគ្រោះថ្នាក់ដែលនឹងធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស»។
ជុំវិញបញ្ហានេះ ស្ថានទូតចិនប្រចាំក្រុងម៉ានីលមិនបានចេញប្រតិកម្មយ៉ាងណា ភ្លាមៗនោះទេ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារស្ទើរតែដែនទឹកទាំងមូលនៃសមុទ្រចិនខាងត្បូង ហើយក្រុមម៉ានីល និយាយថា ឆ្មាំឆ្នេរសមុទ្រ និងនាវាកងទ័ពជើងទឹកចិន តែងតែរារាំង ឬធ្វើសកម្មភាពប្រឆាំងនាវាហ្វីលីពីន ដែលដើរល្បាតក្នុងដែនទឹកដែលមានជម្លោះ។
ក្រុងម៉ានីល និងប៉េកាំង មានជម្លោះដែនសមុទ្រយូរមកហើយ ជុំវិញសមុទ្រចិនខាងត្បូង ប៉ុន្តែអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មានការស្ទាក់ស្ទើរក្នុងការរិះគន់ចិន ខណៈលោកស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដើម្បីទាក់ទាញការវិនិយោគ។
ចាប់តាំងពីឡើងកាន់អំណាចក្នុងខែមិថុនា ឆ្នាំ ២០២២ មក ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក ហ្វែឌីណង់ ម៉ាកូស (Ferdinand Marcos) បានទទូចថា លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីសិទ្ធិរបស់ប្រទេសខ្លួននៅក្នុងសមុទ្រនោះទេ ហើយបានងាកទៅរកសហរដ្ឋអាមេរិក ដោយព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិជាមួយក្រុងវ៉ាស៊ីនតោន។
ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានផ្ទុះឡើងនៅដើមឆ្នាំនេះ បន្ទាប់ពីនាវាឆ្មាំឆ្នេរសមុទ្រចិន រងការចោទប្រកាន់ថាបានប្រើឡាស៊ែរកម្រិត «យោធា» ប្រឆាំងនឹងទូកឆ្មាំឆ្នេរសមុទ្រហ្វីលីពីននៅជិតកោះ Second Thomas Shoal។
យ៉ាងណាមិញ ទីក្រុងប៉េកាំងបានចោទប្រកាន់ទូកហ្វីលីពីននាពេលនោះ ថាបានឈ្លានពានចូលទៅក្នុងដែនទឹកអធិបតេយ្យរបស់ចិនដោយគ្មានការអនុញ្ញាត៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Philippines accuses China Coast Guard of firing water cannon at its boats https://www.france24.com/en/live-news/20230806-philippines-accuses-china-coast-guard-of-firing-water-cannon-at-its-boats