មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ មានជនរងគ្រោះ ដែលកំពុងស្ដារនីតិសម្បទាជាង ៨០០នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ មានជនរងគ្រោះដោយសារញៀនគ្រឿងញៀន​ ជាង ៨០០នាក់ ​ទទួលបានការបន្សាបគ្រឿងញៀន និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅ​មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតមកដល់ពេលនេះ ជនរងគ្រោះដែលកំពុងស្ដារនីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ មានចំនួន ៨៦៦នាក់ ក្នុងនោះមានស្ដ្រីចំនួន ៥១នាក់។ ជនរងគ្រោះដែល​ស្នាក់​នៅក្នុងមណ្ឌល ​ពួកគាត់កំពុងទទួលបានការអប់រំពីផលប៉ះពាល់នៃកា​រប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការអប់រំសុខភាព និងអនាម័យ ដូចជា​ជម្ងឺកាមរោគ និងជំងឺអេដស៍ជាដើម។

មួយវិញទៀតឯកឧត្តម តូច ចាន់នី ប្រាប់ឱ្យដឹងដែរ​ថា ពួកគាត់ក៏ទទួលបាននូវការ​អប់រំផ្នែកចិត្តសាស្រ្ត និងវិជ្ជា​សាស្រ្ត ពីសំណាក់គ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្ត ហើយនិងអប់រំតាមផ្លូវព្រះពុទ្ធសាសនា និងសា​សនាគ្រីស្តផងដែរ។ក្រៅពីការទទួលបានការអប់រំហើយ ជនរងគ្រោះដោយសារធាតុញៀនទាំងនោះ ​ក៏ទទួលបាននូវការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមានដូចជា៖ ផ្នែក​កសិកម្ម មាន​​ការចិញ្ចឹមមាន់យកសាច់ ដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិ​ញ្ចឹមជ្រូក និងកែឆ្នៃផ្លែឈើជាដើម ឯ​ផ្នែកកាត់ដេរមាន ដេរក្រណាត់ជូត និងត្បាញកម្រាលជូតជើង។​

ការបណ្ដុះបណ្ដាលផ្នែកជាងភ្លើង ជាងជួសជុលម៉ាស៊ីនត្រជាក់ ជាងតបណ្តាញទឹក ជាងសំណង់ ជួលជុលម៉ា​ស៊ីនឡាន និងផលិតសាប៊ូលាងចាន​ ការបង្រៀនមុខវិជ្ជាសិក្សាសម្រាប់សិស្សប៊ីប ដែលមានការឧបត្ថម្ភដោយអង្គការ យូណេស្កូ (UNESCO)ផងដែរ។ នេះបើតាមការរៀប​រាប់​ឱ្យដឹងបន្ថែមពីឯកឧត្តម តូច ចាន់នី។

ឯកឧត្តម តូច ចាន់នី បាន​ថ្លែងថា ៖ «ជនរងគ្រោះដែលស្នាក់នៅមណ្ឌលហ្នឹង គឺគោលដៅសំខាន់ត្រូវការប  ​ន្សាបគ្រឿងញៀនឱ្យគាត់ចាកផុតពីគ្រឿងញៀន បន្ទាប់មកគឺយើងនឹងផ្ដល់ឱ្យពួកគាត់ទទួលបាននូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី»។

លោកបញ្ជាក់ដែរ​ថា មិនថានៅក្នុងមណ្ឌលជីវិតថ្មីភ្នំបាក់នោះទេ នៅ​មណ្ឌលផ្សេងៗទៀត ដែលគ្រប់គ្រងដោយក្រសួងសង្គ​មកិច្ច ​សុទ្ធតែមានវិន័យច្បាស់លាស់ដូចជាកងទ័ពដែរ។ ដូច្នេះជនរងគ្រោះដែលរស់នៅក្នុងមណ្ឌលដើម្បីបន្សាបគ្រឿងញៀន គឺពួកគាត់ទទួលបានការ​គ្រប់គ្រង និងត្រូវតែគោរពវិន័យដូចទៅនឹងទាហាន និងប៉ូលិសដែរ។

​ប្រសិនជាមណ្ឌលទាំងនោះ មិនមានវិន័យបែបនេះទេ ជនរងគ្រោះដែលស្ដារនីតិសម្បទានៅក្នុងមណ្ឌលនោះ គឺប្រាកដជាអាជ្ញាធរមិនអាចគ្រប់គ្រងបានឡើយ។

សូមបញ្ជាក់ថា យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យដឹងថា មជ្ឈម​ណ្ឌ​ល​​ជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដីសរុប ៦,៤៨៩ម៉ែត្រការ៉េ និងចែកចេញជា ១១អាគារ ដែលជាទីតាំងចាស់របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈឃូអ័រ (COERR) បានកសាងឡើងនាកំឡុងឆ្នាំ១៩៩៣ ដោយរាជរដ្ឋាភិបាល​ថៃឡងដ៏។

​មជ្ឈមណ្ឌលនេះចាប់ផ្ដើមដំណើរការ​នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៧ តាមប្រកាស​ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦ ស្ដីពីការបង្កើតមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ និងប្រកាស​ចុះថ្ងទី​៦ ខែមិថុនា ឆ្នាំ២០០៦ ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅ​របស់មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ក្រសួងសង្គមកិច្ច​៕

ដោយ៖ជា សុខនី

ads banner