ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ត្រួតពិនិត្យមើលប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតថ្មី
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍តនេះ បានចុះផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការបាញ់សាកល្បងជាមួយនឹងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះ ដែលទើបអភិវឌ្ឍន៍ថ្មីកាលពីថ្ងៃពុធសប្តាហ៍នេះ។
ប្រភពដដែលនេះបានឱ្យដឹងថា លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការបាញ់សាកល្បងនេះ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមអ្នកវិទ្យាសាស្ត្រយោធា និងក្រុមអ្នកជំនាញផលិតអាវុធ ដែលបានបង្កើតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតតាមបែបកូរ៉េដ៏អស្ចារ្យមួយផ្សេងទៀតនេះ ។
បើតាមសេចក្តីរាយការណ៍របស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន០២គ្រាប់ចេញពីតំបន់តែមួយ ដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីសប្ដាហ៍មុន។
មីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានបាញ់ចេញនៅម៉ោង៥និង០៦នាទីព្រឹក និងម៉ោង៥និង២៧នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចេញពីទីក្រុង វ៉ុនសាន ដោយពួកវាមានសមត្ថភាពហោះបានចម្ងាយចន្លោះពី២៤០គីឡូម៉ែត និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន៕ធ.ដ