មន្រ្តីមន្ទីរបញ្ចកោណ៖ សមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង នៅតែប្រព្រឹត្តទៅ តាមការគ្រោងទុក
សហរដ្ឋអាម៉េរិក៖ មន្ត្រីមន្ទីរបញ្ចកោណម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង គ្រោងធ្វើតាមការគ្រោងទុកដដែល បើទោះបីជាកូរ៉េខាងជើង អំពាវនាវឱ្យមានការលុបចោលសមយុទ្ធនេះក៏ដោយ ។
ការបញ្ជាក់អំពីសមយុទ្ធរួមប្រចាំឆ្នាំនេះ បានកើតឡើងចំពេលមានការបាញ់មីស៊ីលជាបន្តបន្ទាប់ពីសំណាក់កូរ៉េខាងជើង ដោយទីក្រុងព្យុងយ៉ាង បានហៅការធ្វើតេស្តនេះថា ជាការព្រមានខ្លាំងដល់កូរ៉េខាងត្បូង ចំពោះការបន្តធ្វើសមយុទ្ធយោធាដែលបានគ្រោងទុកនេះ។
ទន្ទឹមគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ទោះបីជាមានការព្រមានរបស់កូរ៉េខាងជើងថា សមយុទ្ធនេះក៏អាចធ្វើឱ្យរាំងស្ទះដល់កិច្ចពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាម៉េរិក នៅក្នុងដំណើរការការទូតដែលមានរយៈពេលជាយូរ អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនក៏ដោយ ក៏មិនមានការកែប្រែ ឬផ្លាស់ប្តូរផែនការ ដែលយើងបានដឹង និងបានគ្រោងទុកនោះទេ៕ធ.ដ