ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបញ្ជាក់ថា កូនប្រុសរបស់អតីតមេដឹកនាំក្រុមអាល់កៃដា Osama Bin Laden បានបាត់បង់ជីវិតហើយ
សហរដ្ឋអាម៉េរិក៖ ទូរទស្សន៍ NBC News និងកាសែត New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិក ដែលខ្លួនទទួលបាន បានចុះផ្សាយថា កូនប្រុសរបស់អតីតមេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ីន ឡាឌេន គឺ ហេមហ្សា ប៊ីនឡាឌេន ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក។
យ៉ាងណាមិញ ទីន្លែង និងពេលវេលាស្លាប់ពិតប្រាកដរបស់ ហេមហ្សា មិនទាន់ត្រូវបានបញ្ជាក់នោះទេ ហើយបើតាមប្រភពខាងលើនេះ មេដឹកនាំក្រុមអាល់កៃដាបន្តពីឪពុករូបនេះ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
សូមរំលឹកថា ហេមហ្សា ប៊ីន ឡាឌេន ធ្លាប់បានចេញផ្សាយឃ្លីបសំឡេង និងវីដេអូជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ដោយជំរុញឱ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបើកការវាយប្រហារលើសហរដ្ឋអាម៉េរិក ដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។ ជាការឆ្លើយតបវិញ ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសផ្ដល់ប្រាក់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មានទាំងឡាយណា ដែលនាំទៅរកការចាប់ខ្លួន ឬសម្លាប់ ហេមហ្សា៕ធ.ដ