រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចបើកផ្លូវវាង ផ្លូវបាក់ស្រុតលេខ៧៦A ចំណុចអូរងើយ ឱ្យធ្វើចរាចរណ៍បណ្តោះអាសន្ន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរីបានសម្រេចបើកផ្លូវវាង ផ្លូវបាក់ស្រុតលេខ៧៦A ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអនុញ្ញាតឱ្យសាធារណៈជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរឆ្លងកាត់ចាប់ពីថ្ងៃទី៧ ខែសីហា តទៅទៅ បន្ទាប់ពីក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មីនេះ បញ្ចប់ជាស្ថាពរ។

តាមរយៈមន្ទីរព័ត៌មានខេត្តមណ្ឌលគរី លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងថា ផ្លូវជាតិលេខ៧៦A ដែលតភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង៦ ល្ងាចថ្ងៃទី៦ខែសីហា ក្រុមការងារជំនាញបានឈូសឆាយផ្លូវវាងរួចរាល់ជាបណ្តោះអាសន្ន ដែលអាចឱ្យរថយន្តឆ្លងកាត់បានហើយ។

លោកបានបញ្ជាក់ថា ៖ «ផ្លូវវាងដែលបានស្ថាបនារួចរាល់ជាស្ថាពរនេះមានប្រវែងប្រមាណ ១ ០០០ ម៉ែត្រ ហើយយើងនឹងរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរីអាចធ្វើដំណើកឆ្លងកាត់បណ្តោះអាសន្នបាន»។

លោក នាង វណ្ណៈ នាយករងទីចាត់ការខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែសីហាថា ទីតាំងផ្លូវដែលបានស្រុតបាក់នេះត្រូវបានក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ និងធ្វើការវាយតម្លៃផលប៉ះពាល់ ប៉ុន្តែកម្រិតណានោះ លោកមិនមានរបាយការណ៍ទេ។

លោកបន្តថា យ៉ាងនេះក្តី បើតាមអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ដែលបានចុះទៅពិនិត្យជាមួយនឹងក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន អាចនឹងមានការសម្រេចជ្រើសរើសយកទីតាំងថ្មីនៃជម្រាលភ្នំដើម្បីសាងសង់ផ្លូវថ្មី ដោយទុកទីតាំងដែលបាក់ស្រុតនោះនៅកន្លែងដដែល ព្រោះទីតាំងនោះមានជម្រាលដីស្រុត តែមិនទាន់ដឹងថាយ៉ាងម៉េចនៅឡើយនោះទេ។

រីឯថាតើនឹងមានការចាប់ផ្តើមជួសជុល និងស្ថាបនាផ្លូវថ្មីនៅចំណុចនោះនាពេលណានោះ ក៏លោក នាង វណ្ណៈ មិនទាន់ដឹងពីព័ត៌មាននេះច្បាស់ដែរ ព្រោះផ្លូវនេះ គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំពោះការបើកឱ្យធ្វើចរាចរណ៍បណ្តោះអាសន្ន លើផ្លូវដែលឈូសឆាយថ្មីនោះ លោក នាង វណ្ណៈ បានប្រាប់ថា ៖ «ការអនុញ្ញាតឱ្យធ្វើចរាចរនេះ គឺឱ្យតែរថយន្តទេសចរណ៍ និងរថយន្តធ្វើដំណើរ តូចៗប៉ុ ណ្ណោះ ។រីឯរថយន្តធុនធំ ឬរថយន្តដឹកទំនិញធំៗ មិនទាន់អនុញ្ញាតនៅឡើយទេ ដោយរង់ចាំមើលមួយរយៈពេលសិន បើសិនជាស្ថានភាពផ្លូវដែលឈូសឆាយថ្មីនោះ មានលក្ខណៈល្អប្រសើរ រដ្ឋបាលខេត្តនឹងអនុញ្ញាត ឱ្យធ្វើចរាចរណ៍ឡើងវិញ»។

សូមរម្លឹកដែរថា រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១ ខែសីហា បានប្រកាស ផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦A ចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ បណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ ពីស្រុកអូររាំង ទៅស្រុកកែវសីមា ចំណុចអូរងើយនេះ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner