គណបក្សខ្មែរតែមួយ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៧
ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានផ្ញើលិខិតចូលរួមអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាល អាណត្តិទី៧ ឆ្នាំ២០២៣ ដើម្បីដឹកនាំសមាសភាពរាជរដ្ឋាភិបាលស្នើសុំសេចក្ដីទុកពីរដ្ឋសភា។
គណបក្សខ្មែរតែមួយ បានទទួលស្គាល់ការពិតដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោត នៅក្នុងនីតិកាលអាណត្តិទី៧ នៃរដ្ឋសភាឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នានេះ គណបក្សខ្មែរតែមួយ សូមស្វាគមន៍ ដោយភាតរភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំជឿជាក់ថា ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីថ្មី មានឧត្ដមគតិថ្មី របៀបដឹកនាំថ្មី ដើម្បីភាពជាម្ចាស់លើមាតុភូមិកម្ពុជា និងការបង្កើតពុម្ពលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមមួយ ដើម្បីប្រមូលអ្នកឈាមថ្មីគ្រប់និន្នាការនយោបាយ បន្តចូលរួមចំណែកថែរក្សាការពារ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេស ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕
