នាយករដ្ឋមន្ត្រីសឹង្ហបុរីអបអរគណបក្សប្រជាជនកម្ពុជា ដែលទទួលជោគជ័យលើការបោះឆ្នោត (Video Inside)
នាយករដ្ឋមន្ត្រីសឹង្ហបុរី បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
យោងតាមគេហទំព័រក្រសួងការបរទេសសឹង្ហបុរីដែលចេញផ្សាយនៅថ្ងៃនេះ, លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
លោក លី ស៊ានឡុង បានថា «ខ្ញុំសូមអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ»។ លោក លី ស៊ាងឡុង បានថ្លែងថាលទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំនិងចក្ខុវិស័យរបស់សម្តេចនាយករដ្ឋមន្រ្តី សម្រាប់អនាគតរបស់ប្រទេសកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៧សីហានេះថា សម្តេចនឹងត្រូវបញ្ឈប់តំណែងនាយករដ្ឋមន្ត្រីជាស្ថាពរនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ សាររបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីបានសរសេរមកកាន់សម្តេចថា «សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។
លោក លី ស៊ានឡុង បានបញ្ជាក់ថា សម្តេចតេជោ គឺជាមេដឹកនាំកាន់អំណាចបានយូរបំផុតម្នាក់ នៅលើពិភពលោក និងដែលបានដឹកនាំនាវាកម្ពុជាពុះពារឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់ជួបប្រទះពីមុនមក។ លោកបានសរសេរបញ្ជាក់ថាសម្តេចតេជោ បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជនកម្ពុជា។