កម្ពុជាទទួលបានមេដាយ៧១គ្រឿង ពីការប្រកួតកីឡានគរបាលអន្តរជាតិនៅកាណាដា (Video Inside)

ការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណា បានបញ្ចប់ហើយ ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន៧១គ្រឿង។

ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនេះ បានធ្វើនៅក្នុងក្រុងវីនីផេក រវាងពីថ្ងៃទី២៨ កក្កដា ដល់៦ សីហា ដោយមានការចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០ នៅលើសកលលោក។

យោងតាមក្រសួងមហាផ្ទៃ, ក្នុងចំណោមមេដាយ៧១គ្រឿង ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្តើមបាន រួមមាន មេដាយមាស៣៣, ប្រាក់២៨ ,និងសំរឹទ្ធ ៩គ្រឿង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា។ សម្ដេចបានចាត់ទុកបេសកកម្មនេះថា ជាការរួមចំណែកលើកតម្កើងមោទនភាពជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ក្នុងការប្រកួតរយៈពេល៩ថ្ងៃដែលមានវិញ្ញាសារសរុប៦៣កីឡា, កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែចំនួន៤៨នាក់សម្រាប់តែ វិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push Pull Lifting។

ads banner