តំបន់ អេកូទេសចរណ៍ ជីផាត បានទទួលការចាប់អារម្មណ៍ និង ភ្ញៀវទេសចរណ៍ចូលកម្សាន្តកាន់តែច្រើន

(ខេត្តកោះកុង)៖ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់ អេកូទេសចរណ៍ជីផាតបានកំពុងតែទទួលការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់ភ្ញៀវទេសចរជាតិ និងក៏ដូចជាភ្ញៀវទេសចរបរទេស។

គួរបញ្ជាក់ថាសមាគមន៍ អេកូទេសចរណ៍ ជីផាត ស្ថិតនៅក្នុង ភូមិសាស្រ្ត ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង អ្នកទេសចរអាចធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមព្រៃភ្នំ ក្នុងនេះដូចជាធ្វើដំណើរដោយថ្មើជើងក្នុងព្រៃភ្នំ ជិះកង់ ដើម្បីទស្សនាទឹកជ្រោះ សំខាន់ៗដូចជា៖ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរម្លូ ទឹកធ្លាក់អូរស្រឡៅ ទឹកធ្លាក់អូរទឹកវេទ ទឹកធ្លាក់ឆាយជ្រៃ និងទឹកធ្លាក់អូរស្ប័តជាដើម។

លោក អន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ ជីផាត បានប្រាប់ឱ្យដឹងថា៖ស្របពេលដែលប្រទេសកម្ពុជាទប់ស្កាត់បានយ៉ាងជោគជ័យពីជំងឺកូវីដ១៩មក លោកកត់សម្គាល់ឃើញកំណើនភ្ញៀវទេសចរបានកើនឡើង ហើយក្នុងនេះមិនថាថ្ងៃ បុណ្យទាន ,សៅរ៍, អាទិត្យ ទេ សូម្បីតែថ្ងៃធម្មតាក៏តំបន់កូទេសចរណ៍ ជីផាត របស់លោកទទួលបានភ្ញៀវទេសចរណ៍ចាប់ពី១០ទៅជាង២០នាក់ផងដែរ។សម្រាប់ភ្ញៀវទេសចរបើចង់ដើរកម្សាន្ត ឱ្យបាន គ្រប់កន្លែងនៅ តំបន់ អេកូទេសចរណ៍ ជីផាត គេត្រូវចំណាយពេលយ៉ាងហោចណាស់ ៣យប់៤ថ្ងៃ តែជាទូទៅ ភ្ញៀវ ទេសចរក្នុងស្រុកតែងតែដើរកម្សាន្ត និង ស្នាក់នៅ ត្រឹមតែ ២យប់តែងវិលត្រឡប់ទៅវិញហើយ។ការនេះធ្វើឱ្យពួកគាត់ដើរមិនបានសព្វកន្លែងដែលទីតាំងល្អៗជាតំបន់សក្តានុពលបេះដូងជីផាតឡើយ ។

លោកបានលើកឡើងដោយបញ្ជាក់ប្រាប់ផងថា”តាមរយៈរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងរបស់អងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ(WA)ចូលមកបានធ្វើឱ្យសហគមន៍ទទួលការរីកចម្រើនឡើងបន្តបន្ទាប់ក្នុងនេះមិនថាជាហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវថ្នល់ និង អណ្តូងទឹកមានការរីកចម្រើនច្រើន។ក្រៅពីនេះសេវាកម្មទេសចរណ៍ គុណភាព តំបន់ទេសចរណ៍ត្រូវបានលើកកម្ពស់។អ្វីដែលពិសេសជាងនេះទៀតគឺតាមរយៈវិស័យទេសចរណ៍នេះបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងសហគមន៍ផ្លាស់ប្តូរមុខមាត់ថ្មីបន្តបន្ទាប់។ពលរដ្ឋដែលកាលពីមុនធ្លាប់តែចូលព្រៃកាប់ឈើ បរបាញ់សត្វ ត្រឡប់មកចូលរូមអភិរក្សការពារវិញ”។

លោក អន សុវណ្ណ បានប្រាប់ដែរថា៖សហគមន៍មួយនេះត្រូវបានបង្កើតឡើងរយៈពេល១៦ឆ្នាំហើយពោលគឺចាប់តាំងតែពីឆ្នាំ២០០៧ ហើយក្នុងគោលបំណងចូលរួមថែរក្សាការពារបរិសា្ថន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម។សហគមន៍ អេកូ ទេសចរណ៍ មួយនេះបច្ចុប្បន្ន មាន ប្រជាពលរដ្ឋ រស់នៅ ប្រមាណ ជាង ៦០០ គ្រួសារ។

គួរបញ្ជាក់ថាសហគមន៍អេកូទេសចរណ៍ជីផាតបច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner