សម្តេចម៉ែផ្ញើព្រះរាជលិខិតអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់នីតិកាលទី៧

ភ្នំពេញ​៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមព្រះរាជសារលិខិតចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

ព្រះរាជសារលិខិតមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តមបណ្ឌិត ដែលត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដឹកនាំ និងកសាងប្រទេសជាតិ ជាបន្តទៅទៀត។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅចំពោះឯកឧត្តមបណ្ឌិត ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននិងកំពុងដឹកនាំធ្វើសកម្មភាពជាគំរូ ជាក់ស្ដែង ជាច្រើនឆ្នាំមកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។

ខ្ញុំជឿជាក់ថា ក្នុងអាណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល នឹងបន្តដឹកនាំប្រទេសឱ្យទទួលបាននូវមហាជោគជ័យ បន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង។ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ads banner