អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការផ្ទេរអំណាចក្រោមដំបូលសន្តិភាព ដែលពុំធ្លាប់មានតាំងពីក្រោយសម័យអង្គរ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានរំលេចថា អ្នកណាៗក៏ភ្ញាក់ផ្អើលគ្រប់គ្នា! មិនមែនត្រឹមតែប្រជាពលរដ្ឋកម្ពុជាទេ គឺរួមទាំងជនបរទេសផងដែរ ភ្ញាក់ផ្អើលនៅពេលបានស្តាប់សេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ កក្កដា ២០២៣ កន្លងទៅនេះ ដោយបានស្តាប់ឮគ្រប់ៗគ្នាថា “សម្តេចតេជោ នឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជាបន្តទៀតសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះទេ”។
លោកបានបន្តថា ការប្រកាសចាកចេញពីអំណាចរបស់សម្តេចតេជោ ហ៊ុន សែន (បុរសខ្លាំង) របស់កម្ពុជា វាពិតជារឿងមួយដែលគ្មានអ្នកវិភាគ ឬអ្នកតាមដានដានសភាពការណ៍សង្គមនយោបាយណាម្នាក់ អាចស្មានដល់ឬគិតត្រូវឡើយ… ដែលនេះគឺជាការគិត។ ជាការសម្រេចចិត្តរបស់សម្តេចតេជោ ដែលតែងតែមិនឱ្យនរណាម្នាក់វាយតម្លៃឬប៉ាន់ស្មានដឹងមុនឡើយ។ នេះក៏ជានយោបាយអច្ឆរិយៈរបស់សម្តេចតេជោផងដែរ ដែលតាំងពីនៅជាចលនាតស៊ូររំដោះជាតិ រហូតក្លាយជាមេដឹកនាំកំពូល សម្តេចតេជោ តែងតែតែបង្ហាញចំណុចលេចធ្លោនូវនយោបាយពិសេសៗប្រកបដោយភាពអច្ឆរិយៈក្នុងការដឹកនាំនិងកសាងប្រទេសកម្ពុជាដ៏តូចកម្សត់មួយនេះ ឱ្យរួចផុតពីរបបកាប់សម្លាប់ ឱ្យរួចផុតពីការអត់ឃ្លាន ឱ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ និងចុងក្រោយឱ្យអន្តរជាតិបានទទួលស្គាល់សាជាថ្មីឡើងវិញ។

ការចាកចេញពីអំណាចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះក៏ត្រូវបានសម្តេចតេជោ ខ្លួនឯង លោកចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម និងការអភិវឌ្ឍមួយយូរអង្វែង…ដែលនេះហើយជាកត្តាចាំបាច់បំផុតនិងជាតម្រូវការរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាជាង១៧លាននាក់។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាំងពីក្រោយសម័យអង្គរមក គឺពុំដែលមានការផ្លាស់ប្តូរឬការផ្ទេរអំណាចណាមួយកើតចេញនៅក្រោមដំបូលសន្តិភាព និងធានាបាននូវស្ថេរភាព សុខសន្តិភាព ជូនប្រជាជនទេ។ ពោល គឺមានតែការច្បាំងដណ្តើមអំណាច និងការពឹងពាក់បរទេសជាបង្អែក បំបែកទឹកដីដើម្បីអំណាចតែប៉ុណ្ណោះ ហើយអាក្រក់បំផុតនោះ គឺមានការស្លាប់អាយុជីវិតប្រជាជនដែលមិនដឹងអី។ តែការផ្ទេរអំណាចពីសម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងរបស់កម្ពុជា និងជាអគ្គមគ្គុទ្ទេស ក៏សន្តិភាពនៃកម្ពុជាដែលនឹងធ្វើនៅថ្ងៃទី២២ សីហា ២០២៣ ប៉ុន្មានថ្ងៃខាងមុខ គឺជាការផ្ទេរអំណាចមួយដ៏មានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីក្រោយសម័យអង្គរមក ដែលអាចចាត់ទុកថាជាគំរូក្នុងប្រវត្តិសាស្ត្រដែលការផ្លាស់ប្តូរមេដឹកនាំពីអ្នកជំនាន់ចាស់ ទៅអ្នកបន្តវេនជំនាន់ថ្មី ដែលមិនបានធ្វើឱ្យប្រជាជនភិតភ័យ ឬមានការស្លាប់ ឬមានបង្ករការឈឺចាប់ដល់ប្រជាជនឡើយ…។ ពេលនេះប្រជាជនកម្ពុជាគ្រប់ៗគ្នាកំពុងតែញញឹមរំភើបដែលអារម្មណ៍រំភើបរបស់ប្រជាជនកម្ពុជារាប់លាននាក់នាពេលនេះ គឺក្នុងសភាព «អាល័យឪពុក ចង់ជួបមុខអ្នកបន្តវេន»។ ទឹកភ្នែកអាលោះអាល័យឪពុក បានហូរឆ្លាក់មកលាយគ្នាជាមួយនឹងទឹកភ្នែករំភើបបានជួបមុខអ្នកបន្តវេន គឺព្រឹត្តិការណ៍អច្ឆរិយៈមួយដែលដិតជាប់ជាមួយការគោរពស្រលាញ់ពេញបេះដូងរបស់ប្រជាជនកម្ពុជា ចំពោះ «សម្តេចពុក» និង «ឯកឧត្តមបណ្ឌិត អ្នកបន្តវេន»។
ប្រភពដដែលបានបន្តទៀតថា មែនហើយ ! បើទោះបីជាមានក្រុមអមិត្តនិងបរទេសខ្លះមិនស្វាគមន៍មិនទទួលស្គាល់នូវអ្វីដែលកម្ពុជាមាន,ដែលកម្ពុជាអាចធ្វើខ្លួនឯងបាន រាប់ទាំងការរៀបចំការបោះឆ្នោតដើម្បីពង្រឹងភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យចំណាស់ ៣០ឆ្នាំ របស់កម្ពុជា តាំងពីឆ្នាំ ១៩៩៣មក… និងរាប់ទាំងការត្រៀមធ្វើការផ្ទេរអំណាចរបស់ សម្តេចតេជោ នាថ្ងៃទី២២ សីហា ២០២៣ ខាងមុខនេះក៏ដោយ…។ តែតម្លៃពិតដែលជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា បានលះបង់ដើម្បីកម្ពុជា គឺគ្មាននណាផ្សេងក្រៅពីប្រជាជនកម្ពុជា ដែលជាអ្នកកំពុងទទួលផលទេដែលដឹងការពិតនោះ ហើយការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ក៏គ្មានភាពចាំបាច់អីត្រូវការបរទេសណាគាំទ្រឬមិនគាំទ្រដែរ តែសំខាន់មានប្រជាជនកម្ពុជារាប់លាននាក់គាំទ្រនោះគឺគ្រប់គ្រាន់ហើយ…។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន តាំងពីរំលេចខ្លួនក្លាយជាមេដឹកនាំរបស់កម្ពុជាមក គឺសម្តេចតេជោ ប្រកាន់នូវជំហរខ្មែរនិយម ធ្វើការអ្វី សម្រេចចិត្តអ្វី គឺឈរលើសុខទុក្ខនិងផលប្រយោជ៍របស់ប្រជាជនកម្ពុជាជាធំ!។ ដូចនេះទើបមានពាក្យថា «ហ៊ុន សែន នៃកម្ពុជា ! ហ៊ុន សែន របស់កម្ពុជា និង ហ៊ុន សែន សម្រាប់កម្ពុជា»។
លោក សួន សេរីរដ្ឋា បានលើកឡើងថា ប្រទេសតូចដែលធ្លាប់គេមើលងាយ ប្រទេសតូចដែលធ្លាប់គេដាក់អាណានិគម ប្រទេសតូចដែលធ្លាប់គេប្រើជាទីលានជល់ប្រកួតលទ្ធិនយោបាយ… តែពេលនេះ ប្រទេសតូចមួយនេះ ក្លាយជាប្រទេសមានអធិបតេយ្យ មានឯករាជ្យ ពិសេស មានសន្តិភាពនិងការឯកភាពជាតិពេញ ព្រមជាមួយនិងការអភិវឌ្ឍន៍លើកកំពស់មុខមាត់ប្រទេសជាតិនិងប្រជាជនឱ្យពិភពលោកបានឮបានស្គាល់ឡើងវិញសាជាថ្មី គឺដោយសារតែបុរសម្នាក់គាត់ជា «រដ្ឋបុរសរស់» របស់កម្ពុជានោះគឺ «សម្តេចតេជោ ហ៊ុន សែន»។ ហ៊ុន សែន នៃកម្ពុជា ! ហ៊ុន សែន របស់កម្ពុជា ! និង ហ៊ុន សែន សម្រាប់កម្ពុជា! លោកបានពលីកម្មធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែកម្ពុជានិងប្រជាជន។ ចុងក្រោយនេះ សម្តេចតេជោ បានបង្កើតនូវគំរូផ្ទេរអំណាចដ៏អស្ចារ្យមួយនៅក្រោមដំបូលសន្តិភាពដែល សម្តេចតេជោ លោកបានសាងជូនជាតិនិងមាតុភូមិ ដែលនេះគឺជា «ការផ្ទេរអំណាចក្រោមដំបូលសន្តិភាព ដែលពុំធ្លាប់មានតាំងពីក្រោយសម័យអង្គរ…»៕
ដោយ៖ពលជ័យ