គណបក្សមហាសាមគ្គីជាតិខ្មែរ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត”

ភ្នំពេញ៖ ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានចូលរួមអបអរសាទរ ជូនចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយស ពិសេសដ៏ឧត្ដុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត” នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគំរូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានគោរពជូនពរជ័យ សេរីមង្គលគ្រប់ប្រការ ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា កិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់៕

ads banner