ថ្នាក់ដឹកនាំប្រទេសឡាវអបអរសាទរ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានអបអរបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានការត្រាស់បង្គាប់តែងតាំងពីព្រះមហាក្សត្រខ្មែរ ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ថងលុន ស៊ីសុលីត ដែលជាប្រធានរដ្ឋនៃប្រទេសឡាវ ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយនឹងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៣ បានចាត់ទុកព្រឹត្តិការណ៍តែងតាំងនោះ គឺជាប្រវត្តិសាស្ត្រដែលមាន «ការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា»។

លោកបានថ្លែងថាគណបក្សប្រជាជនបដិវត្តន៍ឡាវ «ជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត»។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូនោះរួចមក, ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសឡាវ បានសន្យា និង «ប្តេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស, រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២»។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តបទៅវិញ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសឡាវ «ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី «ដែលនឹងដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត និងថា «ជាការឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំង២»។

ads banner