កម្ពុជាត្រៀមនាំចេញបង្កងប៉ាក, អន្ទង់, ត្រីដំរី និងខ្យងចូលទីផ្សារប្រទេសចិន (Video Inside)
ផលិតផលជលផលរបស់កម្ពុជាចំនួន ៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដែលរំពឹងថានឹងជួយជម្រុញកំណើនជីវភាព និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋខ្មែរ។
យោងស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី៧សីហា, ផលិតផលជលផលរបស់កម្ពុជាទាំង៤មុខនោះ រួមមានបង្កងប៉ាក, អន្ទង់, ត្រីដំរី និងខ្យង។
ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃទី៨សីហាថា ផលិតផលជលផលរបស់កម្ពុជាទាំងបួនបន្ថែម ចូលទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន។ ក្រសួងកសិកម្មចាត់ទុកថានេះ គឺជាជោគជ័យថ្មីមួយទៀត នៅក្នុងការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដែលនឹងជួយបង្កើនជីវភាព កាន់តែធូរធាដល់ប្រជាពលរដ្ឋខ្មែរ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទរួចមកហើយ ដែលបាននាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន។ ផលិតផលទាំងនោះ រួមមានកំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។