សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យបេក្ខជនជ័យលាភីអាហាររូបករណ៍សិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហៅកាត់ថា JDS (Japanese Scholarship For Human Resource Development) ចំនួន ២៤នាក់ ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២១ ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍ណែនាំស់ពីសម្តេច នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ។
លោក ចន្តា ផារិទ្ធិ មន្រ្តីរាជការនៃរដ្ឋាករទឹកស្វយ័តក្រុងភំពេញ តំណាងឱ្យក្រុមនិស្សិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាឱកាសនេះ។
លោក ចន្តា ផារិទ្ធិ ក៏បានជម្រាបជូនសម្តេចប្រប្រធានព្រឹទ្ធសភាអំពី សមាសភាពបេក្ខជន បេក្ខនារីទាំង ២៤នាក់នេះ ដែលជាមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រឡងជាប់អាហាររូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ២ឆ្នាំ ឆ្នាំសិក្សា ២០១៩-២០២១ លើជំនាញ៖ អភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច ដែលនឹងត្រូវចេញដំណើរនៅថ្ងៃទី២២ (ក្រុមទី១) និងថ្ងៃទី២៩ (ក្រុមទី២) ខែសីហា ឆ្នាំ២០១៩ ខាងមុននេះ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្មួយៗ ដែលជាបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍ ដែលត្រូវទៅបន្តការសិក្សានៅប្រទេសជប៉ុន។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញនូវទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន មានការរីកចម្រើនជាលំដាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញ ក៏ដូចជាការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ប្រទេសជប៉ុន គឺជាប្រទេសដែលបានផ្តល់ជំនួយឥតសំណង កម្ចីសម្បទានដល់ប្រទេសកម្ពុជាយ៉ាងច្រើន ហើយបានធ្វើកិច្ចសហប្រតិបត្តិការល្អខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច អប់រំ បច្ចេកទេស វិទ្យាសាស្រ្ត ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ប្រទេសជប៉ុន ក៏ជាប្រទេសដែលបានផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ហើយក៏ជាប្រទេសដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ការបោះឆ្នោតនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គឺត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនង សហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្ត។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំ និងត្រួតពិនិត្យ ដោយ UNTAC ប្រទេសកម្ពុជាពុំទាន់ទទួលបានសុខសន្តិភាពជាស្ថាពរនៅឡើយទេ។ សុខសន្តិភាពរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ទើបតែសម្រេចបានជាស្ថាពរនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៨។ បើគិតចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាមានពេលកសាង អភិវឌ្ឍប្រទេសពិតប្រាកដក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញត្រឹមតែ ២០ឆ្នាំតែប៉ុណ្ណោះ។
ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុង១ឆ្នាំ។ នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥%។ តាមការព្យាករណ៍របស់ស្ថាប័នជំនាញ ឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងមានកំណើន ៧,១%។ អតិផរណាមានក្នុងកម្រិត ២,៥% ហើយចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជាម្នាក់ៗ មាន១.៥៤៨ដុល្លារសហរដ្ឋអាមេ៉រិក។ តម្លៃប្រាក់រៀល គឺមានស្ថេរភាព រីឯអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ត្រូវបានកាត់បន្ថយមកនៅក្រោម ១០ភាគរយ។
បច្ចុប្បន្ន ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវចក្ខុវិស័យកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីឈានទៅដល់គោលដៅនោះ បច្ចុប្បន្នរាជរដ្ឋាភិបាលបានប្រមូលផ្តុំគ្រប់កំលាំងទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាថែរក្សាឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី ឱ្យបានគត់មុត តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយបាន និងកំពុងអនុវត្តយ៉ាងសកម្មបំផុតនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ធ្វើយ៉ាងណាឱ្យសម្រេចបានជោគជ័យ សំដៅរុញនាវាកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានការជឿនលឿន មានវឌ្ឍនភាពដូចបណ្តាប្រទេសនៅក្នុងតំបន់ ជាសង្គមមួយប្រកបដោយវឌ្ឍនភាព គ្មានការវិញត្រឡប់មកវិញនូវសង្រ្គាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចកាលពីអតីតកាលទៀតឡើយ។
សម្តេចប្រធានព្រឹទ្ធសភា បានស្នើឱ្យក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពច្បាប់របស់ប្រទេសជប៉ុន និងគោរពវិន័យរបស់សកលវិទ្យាល័យ ថែរក្សាវទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាមួយនឹងមិត្តរួមជំនាន់ដែលបានទៅសិក្សាទាំងអស់គ្នា ដោយអនុវត្តឱ្យបានល្អនូវសុភាសិតខ្មែរពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ហើយក៏សូមយកចិត្តទុកដាក់ដល់ការកសាងទំនាក់ទំនង មិត្តភាពជាមួយនឹងនិស្សិតកម្ពុជាដែលបាន និងកំពុងសិក្សានៅទីនោះ ក៏ដូចជាប្រជាជនកម្ពុជាដែលបាន និងកំពុងរស់នៅ ធ្វើការងារនៅប្រទេសជប៉ុន កសាងទំនាក់ទំនង មិត្តភាពជាមួយបណ្តានិស្សិតរបស់ប្រទេសជប៉ុន និងនិស្សិតដែលមកពីប្រទេសនានា។
ជាងនេះទៅទៀត សូមក្មួយៗថែរក្សាឱ្យបាននូវទំនៀមទំលាប់ ប្រពៃណីរបស់កម្ពុជា ដើម្បីជាកិត្តិយសរបស់ក្មួយៗផ្ទាល់ផង របស់គ្រួសារយើងផង របស់ស្ថានប័នដែលក្មួយៗបានបំពេញការងារផង ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលផង។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនក្មួយៗទាំងអស់ទៅរៀន មានសុខភាពល្អបរិបូរណ៌ និងរៀនសូត្រឱ្យទទួលបានសញ្ញាបត្រ និងមាននិទ្ទេសល្អ ត្រឡប់មកបន្តវេនការពារ កសាងប្រទេសជាតិ នាពេលអនាគត៕ធ.ដ