អតីតសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្រមាថថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម Facebook ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅព្រឹកនេះ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជូនអតីតសកម្មជនរបស់អតីតគណបក្សប្រឆាំងម្នាក់ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebookនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ។
ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានប្រាប់អ្នកសារព័ត៌មានថា អតីតសកម្មជនបក្សប្រឆាំងម្នាក់នេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម។ លោកបន្តថា ជននេះកន្លងទៅ បានរត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ៕ធ.ដ