រុស្ស៊ីទទួលបានទិន្នន័យដំបូង ពីបេសកសកម្មនៅឋានព្រះចន្ទជាប្រវត្តិសាស្ត្ររបស់ខ្លួន
មូស្គូ៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានផ្តល់ព័ត៌មានវិវឌ្ឍចុងក្រោយ នៅថ្ងៃទី១៣ ខែសីហានេះ ពីបេសកកម្ម Luna-25 នៅឋានព្រះចន្ទ ដោយបញ្ជាក់ថា ប្រព័ន្ធដំណើរការស្វ័យប្រវត្តិបានផ្លាស់ប្តូរឧបករណ៍វិទ្យាសាស្ត្រដោយជោគជ័យ។

ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធទាំងអស់នៃស្ថានីយ៍ស្វ័យប្រវត្តិកំពុងដំណើរការជាធម្មតានិង ការតភ្ជាប់ជាមួយវាមានស្ថេរភាព ហើយតុល្យភាពថាមពលគឺវិជ្ជមាន។ ទីភ្នាក់ងារអវកាសនេះបន្ថែមថា គំរូទិន្នន័យដំបូងដែលប្រមូលបាន ក្នុងអំឡុងពេលហោះហើរទៅកាន់ឋានព្រះចន្ទត្រូវបានទទួល ហើយក្រុមវិទ្យាសាស្ត្ររបស់គម្រោងកំពុងចាប់ផ្តើមដំណើរការពួកវាហើយ។

កាលពីថ្ងៃទី១១ ខែសីហានេះ រុស្ស៉ីបានបញ្ជូនយានរ៉ូបូតដើម្បីឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ ក្រោមគោលដៅផ្តល់កម្លាំងរុញច្រានជាថ្មីដល់វិស័យអវកាសរបស់ខ្លួន។ បេសកកម្ម Luna-25 ត្រូវបានបាញ់បង្ហោះចេញពីផែនដី នៅឯមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី។

វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់គន្លងក្បែរព្រះចន្ទ ក្នុងរយៈពេល៥ថ្ងៃ ហើយបន្ទាប់មកវានឹងចំណាយពេលចន្លោះ៣ ទៅ៧ថ្ងៃ ដើម្បីជ្រើសរើសទីតាំងត្រឹមត្រូវមួយ មុនពេលចុះចតទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ បច្ចុប្បន្ន មានតែប្រទេសចំនួន៣ប៉ុណ្ណោះ ដែលធ្លាប់ទទួលជោគជ័យក្នុងការនាំយកយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទដោយសុវត្ថិភាព ក្នុងនោះមានរុស្ស៉ី សហរដ្ឋអាមេរិក និងចិន៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា