ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អរគុណលោក Dave Leduc ស្ដេចប្រដាល់មីយ៉ាន់ម៉ា ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ
ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង នៃព្រះរាជាណាចក្រកម្ពុជា បានបើកភ្លើងខៀវ ចំពោះសំណើរបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីកីឡាករជើងខ្លាំងរូបនេះ ស្នើចង់ជួប និងចាប់ដៃឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ពេលរូបគេមកប្រកួតក្រោមទម្រង់ប្រដាល់គុនខ្មែរ ជាមួយកីឡាករកម្ពុជានាចុងឆ្នាំ២០២៣នេះ។
ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា។
ស្តេចប្រដាល់មីយ៉ាន់ម៉ា បានសរសេរលើបណ្តាញសង្គមថា នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជា ដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។
ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនចំនួន 54លាននាក់ ប្រទេសកម្ពុជាមាន 16លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ។ តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។
ទោះបីជាខ្ញុំជាជនជាតិបរទេស ក៏ដោយ ក៏ខ្ញុំស្រឡាញ់ និងគោរពកម្ពុជាផងដែរ ហេតុនេះហើយ បានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត… ខ្ញុំ ចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ 🙏 សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។
ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណលោក Dave Leduc ស្ដេចប្រដាល់មីយ៉ាន់ម៉ា ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានៅប្រទេសកម្ពុជានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ
