សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ អំពីមរណភាពឪពុករបស់ឯកឧត្តម គឺលោក យូន គីជុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
យោងតាមសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនរបស់ឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉ មានខ្លឹមសារទាំងស្រុងដូចតទៅ៖
“ឯកឧត្តម ខ្ញុំ និងភរិយា មានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាពឪពុកជាទីស្រឡាញ់របស់ឯកឧត្តមគឺ លោក យូន គីជុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំ និងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះរួមនឹងសមានចិត្តដ៏ជ្រាលជ្រៅ ជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ។
ខ្ញុំ និងភរិយាជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ឯកឧត្តមបានចាកចេញពីពិភពលោករបស់យើងជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទកភាព និងការពេញចិត្ត ដែលគាត់បានចិញ្ចឹមបីបាច់ឯកឧត្តម ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជាជាតិកូរ៉េទាំងមូល។ សូមឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ និងភរិយា។”

