ប្រធានសម្ព័ន្ធសហជីពជាតិ អំពាវនាវដល់កម្មករនិងប្រជាពលរដ្ឋ កុំជឿតាមញុះញង់របស់ក្រុមជនអគតិដែលបំផុសបំផុលឱ្យទិញស្បៀងទុកអំឡុងពេលការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី
ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវដល់កម្មករ កម្មការិនី និយោជិតទាំងអស់ និងប្រជាពលរដ្ឋ កុំជឿតាមញុះញង់របស់ក្រុមជនអគតិមួយចំនួនតូចដែលបានបំផុសបំផុលឱ្យទិញស្បៀងទុក អំឡុងពេលការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីនាពេលខាងមុខនេះ គឺជាការមិនពិតនោះទេ ហើយក៏មិនមានករណីនេះកើតឡើងនោះទេ។
លោក ហ្វា សាលី បានបញ្ជាក់ប្រាប់ AMS នៅល្ងាចថ្ងៃទី១៥ ខែសីហា នេះថា “ក្នុងនាមខ្ញុំជាប្រធានសម្ព័ន្ធសហជីពជាតិ តំណាងឱ្យបងប្អូនកម្មករ និយោជិត ក៏ដូចជាសមាជិក សមាជិកា គឺសូមបញ្ជាក់ជម្រាបដល់បងប្អូនថា មិនមានករណីនេះកើតឡើងទេ។ មានរោងចក្រមួយចំនួនតូចតែប៉ុណ្ណោះ ដែលមានការព្យួរការងារ ហើយសូមបងប្អូនកុំជ្រួលច្របល់កុំជឿតាមពាក្យញុះញង់របស់ក្រុមជនអគតិទាំងនោះ ពីព្រោះរោងចក្រនៅស្រុកខ្មែរមានជាង១៣០០ ទៅ ១៤០០រោងចក្រ មកថ្មីៗ ហើយរោងចក្រជាង ១៣០០ , ១៤០០រោងចក្រ កំពុងតែជួបការលំបាកត្រង់ថា ខ្វះកម្មករធ្វើការ មិនមែនជារឿងអត់ការងារធ្វើទេ គឺខ្វះកម្មករធ្វើការទៅវិញ។ នេះជាបញ្ហាប្រសើរ មិនមែនជាបញ្ហាមិនប្រសើរទេ”។
ប្រធានសម្ព័ន្ធសហជីពជាតិបានសង្កត់ធ្ងន់ថា ជនអគតិទាំងនោះ ឃោសនាបែបនេះ សុទ្ធតែជាពួកអត់ខួរក្បាល ធ្វើឱ្យមានចលាចលធ្វើបាបកម្មករ។ យើងឃើញហើយកន្លងមកនេះ ខ្ញុំមិនសាទរចំពោះក្រុមប្រឆាំងដែលដើរបាតុកម្មទាមទារឱ្យគេផ្តាច់ EBA រហូតដល់សហគមន៍អឺរ៉ុបផ្តាច់ពិតប្រាកដមែន និងមាន GSP ផ្សេងៗទៀត គឺយើងឈឺចាប់ណាស់នៅពេលដែលក្រុមទាំងនោះបោកឆ្នាំងបាយរបស់បងប្អូនកម្មករ និយោជិតយើង។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រមូលកៀរគរក្រុមអ្នកវិនិយោគមកវិនិយោគនៅប្រទេសកម្ពុជាយើងធ្វើឱ្យកម្មករ កម្មការិនី មានការងារធ្វើរហូតមកដល់ពេលនេះរោងចក្រពុំសូវមានកម្មករធ្វើទៅវិញ ខ្វះកម្លាំងពលកម្មទៅវិញុំ។ នេះហើយគឺជាអ្វីដែលយើងសំបូរសប្បាយ ប្រទេសជាតិកំពុងតែរីកចម្រើនលើគ្រប់វិស័យ។ នេះគឺជាអ្វីដែលយើងមើលឃើញ និងសាទរ។
ជាមួយគ្នានេះ លោក ហ្វា សាលី បានប្រាប់ទៅកម្មករ កម្មការិនី កុំមានការព្រួយបារម្ភចំពោះការលើកឡើងរបស់ក្រុមជនអគតិមួយចំនួនតូចនោះទេ យើងសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នឹងមានភាពល្អប្រសើរកាន់តែច្រើនឡើងៗ ជាពិសេសក្រុមយុវជនដែលមានបេក្ខភាពជារដ្ឋមន្ត្រីជាច្រើន និងមានគំនិតថ្មីៗ មានការវិវឌ្ឍន៍កាន់តែខ្លាំងឡើង ហើយមានអ្នកវិនិយោគជាច្រើនមើលឃើញប្រទេសកម្ពុជាកាន់តែល្អ៕
ដោយ៖ពលជ័យ